(ហ្សេរុយសាឡឹម)៖ មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូបបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) មិនបាននាំមកជាមួយ នូវផែនការចាប់ផ្តើមដំណើរការសន្តិភាពអ៉ីស្រាអែល និងប៉ាឡេស្ទីនឡើងវិញឡើយ នៅពេលដែល លោកទៅបំពេញទស្សនកិច្ច នៅឯតំបន់វេសប៊ែង (West Bank) នាថ្ងៃសុក្រនេះ ដែលជាថ្ងៃបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោក នៅអ៉ីស្រាអែល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២។

លោក បៃដិន នឹងរំលឹកឡើងវិញអំពីការគាំទ្ររបស់លោក សម្រាប់ដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះដ៏យូរយាមកហើយនេះ ហើយលោកនឹងបង្ហាញកញ្ចប់ជំនួយសេដ្ឋកិច្ច និងបច្ចេកទេសថ្មីទៀត សម្រាប់ប៉ាឡេស្ទីន ប៉ុន្តែគ្មានការរំពឹងថា នឹងអាចមាន ការសម្រេចផ្នែកនយោបាយធំដំអ្វីមួយឡើយ។ ប្រភពដដែល បានបញ្ជាក់ថា «មានការពិតជាមូលដ្ឋានជាច្រើន ដែលយើងកំពុងគិត ដូច្នេះយើងមិនបានមកដោយមាននូវគម្រោងល្អិតល្អន់នោះឡើយ ប៉ុន្តែជារឿយៗយើងតែងតែនិយាយថា ប្រសិនបើភាគីណាមួយ ត្រៀមខ្លួនពិភាក្សារួចរាល់ យើងនឹងរង់ចំាជួយដល់ពួកគេជានិច្ច»

គួរបញ្ជាក់ថា លោក បៃដិន ត្រូវបានគេរំពឹងថានឹង ជួបជាមួយមេដឹកនាំប៉ាឡេស្ទីន លោក ម៉ាម៉ូដ អាបាស់ (Mahmoud Abbas) នៅក្នុងទីក្រុង បេថ្លេហិម (Bethlehem) មុនពេលចាកចេញទៅកាន់ប្រទេសអារ៉ាប់ប៊ីសាអូឌីត ក្នុងដំណើរទស្សនកិច្ចដំណាក់កាលទី២របស់លោក នៅតំបន់ជម្ឈិមបូព៌ា៕