(កូឡុំបូ)៖ នាយករដ្ឋមន្រ្តីស្រីលង្កានាថ្ងៃសុក្រនេះ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្តីទី ក្រោយការចុះចេញពីអំណាចជាផ្លូវការរបស់លោក ហ្កោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២។

កាលពីព្រឹកថ្ងៃសុក្រនេះ ប្រធានសភាស្រីលង្កាលោក ម៉ាហ៉ីនដា យ៉ាប៉ា អាបេវ៉ាដេណា (Manhinda Yapa Abeywardena) បានប្រកាសថា លោកទទួលបានលិខិតលាលែងពីតំណែង ពីលោក រ៉ាចាប៉ាក់សា ហើយ ខណៈចាប់ពីចំណុចនោះ គឺលោក រ៉ាចាប៉ាក់សា បានលាលែងជាផ្លូវការពី កាតព្វកិច្ចនិងការទទួលខុសត្រូវរបស់លោក។ លោក រ៉ាចាប៉ាក់សា បានរត់ភៀសខ្លួនចេញពីប្រទេស កាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីឆ្ពោះទៅកាន់ប្រទេសម៉ាល់ឌីវ ហើយលោកបានផ្ញើលិខិតលាលែងពីតំណែង ពេលលោកទៅដល់សិង្ហបុរី។

លោក អាបេវ៉ាដេណា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃសុក្រនេះថា «នីតិវិធីរដ្ឋធម្មនុញ្ញនៃការជ្រើសតាំងប្រធានាធិបតីថ្មី នឹងត្រូវចាប់ផ្តើមនាពេលនេះ ហើយរហូតទាល់តែនីតិវិធីនេះបញ្ចប់ទៅវិញ លោកនាយករដ្ឋមន្រ្តីនឹងបំពេញកាតព្វកិច្ចនិងភារកិច្ចផ្សេងៗ ក្នុងនាមជាប្រធានាធិបតី»

លោក អាបេវ៉ាដេណា បានបន្តថា សភានឹងកោះប្រជុំនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ហើយលោកបានស្នើឱ្យសមាជិកសភាទាំងអស់ ចូលរួម ព្រមទាំងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការពេញទំហឹង សម្រាប់ដំណើរការប្រជាធិបតេយ្យ នៃការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីនិងរដ្ឋាភិបាលថ្មី ពីសំណាក់ក្រុមមេដឹកនាំនៃគណបក្សទាំងអស់។ ទន្ទឹមគ្នានោះ លោកក៏បានស្នើជាពិសេសផងដែរ ទៅកាន់ប្រជាពលរដ្ឋស្រីលង្កា ឱ្យផ្តល់នូវបរិយាកាសសន្តិភាព ដែលនឹងអនុញ្ញាតឱ្យសមាជិកសភាគ្រប់រូប អាចចូលរួមកិច្ចប្រជុំដោយសេរី។

គួរបញ្ជាក់ថា បើតាមលោកប្រធានសភា រូបលោកមានបំណងចង់ឱ្យនីតិវិធីនៃការជ្រើសរើស ប្រធានាធិបតីថ្មីអាចបញ្ចប់រួចរាល់ នៅក្នុងរយៈពេលត្រឹម៧ថ្ងៃ។ ប្រទេសដីកោះដែលមានប្រជាជនជាង ២២លាននាក់នេះ បានបន្តស្ថិតក្រោមវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរខ្លាំង អស់រយៈពេលជាច្រើនខែមកហើយ ដែលបាននាំឱ្យមានបញ្ហាខ្វះខាតទំនិញមូលដ្ឋានដូចជា ស្បៀងអាហារ ឱសថ ឧស្ម័ន និងប្រេងឥន្ធនៈ ជាដើម៕