(ប្រាស៉ីលីយ៉ា)៖ ប្រធានាធិបតីប្រេស៉ីល លោក ហ្សាអៀរ បូលសូណារ៉ូ (Jair Bolsonaro) បាននិយាយថា រូបលោកបានរកឃើញមធ្យោបាយ ដើម្បីបិទបញ្ចប់សង្រ្គាមដែលអូសបន្លាយជាច្រើនខែមកហើយ រវាងរុស្ស៉ីនិងអ៊ុយក្រែន ប៉ុន្តែលោកនឹងពុំទាន់ចែករំលែកឱ្យអ្នកដទៃដឹងឡើយ ទាល់តែលោកយកមធ្យោបាយនេះ ទៅជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) នៅថ្ងៃសប្តាហ៍ក្រោយសិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន RT នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២។

លោកប្រធានាធិបតីប្រេស៉ីល បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «ខ្ញុំនឹងប្រាប់គាត់ (លោក ហ្សេលេនស្គី) អំពីទស្សនៈរបស់ខ្ញុំ, អំពីអ្វីដែលខ្ញុំគិត។ សម្រាប់វិបត្តិនេះ គឺខ្ញុំបានរកឃើញមធ្យោបាយ ដែលវាអាចត្រូវដោះស្រាយបាន ប៉ុន្តែខ្ញុំនឹងមិនទាន់ប្រាប់នរណាទេ»។ លោក Bolsonaro នឹងត្រូវជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក ហ្សេលេនស្គី នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា ស្របពេលដែលលោក បដិសេធផ្តល់ព័ត៌មានលម្អិត អំពីផែនការខាងលើ មេដឹកនាំប្រេស៉ីលរូបនេះ បានបង្ហើបថា វិបត្តិសង្រ្គាមនៅអ៊ុយក្រែន អាចត្រូវដោះស្រាយស្រដៀងគ្នាទៅនឹង របៀបដែលសង្រ្គាមរវាងអាហ្សង់ទីននិងចក្រភពអង់គ្លេស បានបញ្ចប់ទៅកាលពីឆ្នាំ១៩៨២។

កាលពីពេលនោះ អាហ្សង់ទីនបានឈ្លានពាន ទីប្រជុំកោះ ហ្វាកលែន (Falkland Islands) ដែលគ្រប់គ្រងដោយអង់គ្លេស នៅខែមេសា ឆ្នាំ១៩៨២ ដែលជាហេតុធ្វើឱ្យ អង់គ្លេសចល័តក្រុមនាវាចម្បាំងទ្រង់ទ្រាយធំ ទៅកាន់ទីនោះ។ ទីបំផុតដោយសារចាញ់ប្រៀបអង់គ្លេសខ្លាំង អាហ្សង់ទីនបានប្រកាសចុះចាញ់សង្រ្គាម នៅខែមិថុនា ឆ្នាំ១៩៨២៕