(ព្យុងយ៉ាង)៖ ក្រសួងការបរទេសកូរ៉េខាងជើងនាថ្ងៃសុក្រនេះ បាននិយាយថា អ៊ុយក្រែនគ្មានសិទ្ធិលើកឡើងអំពីបញ្ហាអធិបតេយ្យទេ ក្រោយពីខ្លួនបានចូលដៃចូលជើង ក្នុងសកម្មភាពអយុត្តិធម៌និងមិនស្របច្បាប់ ដែលបានរំលោភលើអធិបតេយ្យរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើងយ៉ាងដូច្នេះថា «អ៊ុយក្រែនគ្មានសិទ្ធិទេក្នុងការលើកឡើងអំពីបញ្ហា ឬក៏ឈ្លោះប្រកែក អំពីការអនុវត្តដោយស្របដោយច្បាប់ នៃអធិបតេយ្យរបស់យើង បន្ទាប់ពីខ្លួនបានប្រព្រឹត្តទង្វើ ដែលខ្វះតម្លាភាព និងភាពយុត្តិធម៌ជាខ្លាំង រវាងប្រទេសនិងប្រទេស តាមរយៈការចូលរួមយ៉ាងសកម្ម ក្នុងគោលនយោបាយអរិភាព ដែលអយុត្តិធម៌និងមិនស្របច្បាប់របស់សហរដ្ឋអាមេរិក កាលពីពេលកន្លងមក»

ក្រសួងការបរទេសកូរ៉េខាងជើង បានបន្តថា «យើងនឹងបន្តពង្រឹងក៏ដូចជាអភិវឌ្ឍចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសទាំងអស់ ដែលគោរពអធិបតេយ្យរបស់យើង ហើយធ្វើការជាមួយយើង ដោយឈរលើគោលការណ៍សមភាពអធិបតេយ្យ, មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងគោរពគ្នាទៅវិញទៅមក»

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ទីក្រុងព្យុងយ៉ាងបានប្រកាសគាំទ្រ តំបន់ផ្តាច់ខ្លួនចំនួន២ នៅភាគខាងកើតអ៊ុយក្រែន ជារដ្ឋឯករាជ្យ ដូចទៅនឹងប្រទេសរុស្ស៉ីដែរ។ ប្រការនោះក៏បានជំរុញឱ្យទីក្រុងកៀវ ប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយកូរ៉េខាងជើង ដោយហៅវាថាជា ទង្វើប៉ុនប៉ងបំផ្លាញអធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន៕