(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី ( Ebrahim Raisi) បាននិយាយថា អ៉ីរ៉ង់នឹងធ្វើការសងសឹកយ៉ាងសាហាវដែលនឹងធ្វើឱ្យសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់វ៉ាស៉ីនតោន មានការសាកស្ដាយ ប្រសិនបើហ៊ានរករឿងអ៉ីរ៉ង់។ នេះបើយោងតាមការដកស្រង់ផ្សាយដោយសារព័ត៌មាន Al-Jazeera នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២។

ការអត្ថាធិប្បាយរបស់ប្រធានាធិបតីអ៉ីរ៉ង់ខាងលើនេះ ធ្វើឡើងកំលុងពេលដែលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក យែរ ឡាភីត (Yair Lapid) បានព្រមព្រៀងគ្នាថានឹងប្រើគ្រប់មធ្យោបាយ ដើម្បីរារាំងកុំឱ្យអ៉ីរ៉ង់ផលិត ឬទទួលបានអាវុធនុយក្លេអ៊ែរ។ លោក រ៉ៃស៉ី ក៏បានបន្ទោសអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន ចំពោះការបង្កអស្ថិរភាពក្នុងតំបន់។ រីឯទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា កំលុងសុន្ទរកថាមួយ លោក រ៉ៃស៉ី បានគូសបញ្ជាក់ថា «ប្រជាជាតិអ៉ីរ៉ង់នឹងមិនទទួលយកភាពអសន្តិសុខ ឬវិបត្តិក្នុងតំបន់នោះទេ ហើយទីក្រុងវ៉ាស៉ីនតោន និងសម្ព័ន្ធមិត្តគួរតែដឹងថាកំហុសដែល កើតមានណាមួយ នឹងត្រូវបានឆ្លើយតបយ៉ាងសាហាវពីអ៉ីរ៉ង់»

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន និងទីក្រុងបានហ្ស៊េរុយសាឡឹម បានសម្តែងការព្រួយបារម្ភជាយូមកហើយអំពីសមត្ថភាពនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ខណៈអ៉ីរ៉ង់បដិសេធ ថា ខ្លួនគ្មានមហិច្ឆតាបង្កើតគ្រាប់បែកនុយក្លេអ៊ែរឡើយ។ តាមរយៈកិច្ចព្រមព្រៀងរួមគ្នារវាងសហរដ្ឋអាមេរិក-អ៉ីស្រាអែល ដែលបានចុះហត្ថលេខាកាលពី ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឲ្យអ៉ីរ៉ង់ដំណើរផលិតអាវុធនុយក្លេអ៊ែរជាដាច់ខាត៕