(ឡាអេ)៖ សហរដ្ឋអាមេរិក និងប្រទេសចំនួន ៤៤ ផ្សេងទៀត នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានឯកភាពគ្នាថានឹងជួយសម្របសម្រួលដល់ ការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្រ្គាម ដែលសង្ស័យថាបានកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីទីក្រុងកៀវ អះអាងថាមីស៊ីលរបស់រុស្ស៉ីបានសម្លាប់ជនស៊ីវិលជាច្រើននាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២។

ថ្លែងទៅកាន់សន្និសីទអន្តរជាតិមួយ លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី បានឱ្យដឹងថាមីស៊ីលរុស្ស៉ីបានធ្លាក់ចំមជ្ឈមណ្ឌលសហគមន៍ ចំនួន២ ស្ថិតនៅភាគខាងលិចនៃប្រទេស ដោយបានផ្ដាច់ជីវិតមនុស្ស ២០នាក់ ក្នុងនោះរួមមានកុមារ៣នាក់ និងជាច្រើននាក់ទៀតរងរបួស។

លោក ហ្សេលេនស្គី បានបញ្ជាក់បន្ថែមដូច្នេះថា «នៅព្រឹកថ្ងៃនេះ (ថ្ងៃព្រហស្បតិ៍) មីស៊ីលរុស្ស៉ីបានវាយប្រហារលើទីក្រុង វីននីតស៊ីយ៉ា (Vinnytsia) ដែលជាទីក្រុងដ៏សាមាញ្ញ និងប្រកបដោយសន្តិភាព។ មីស៊ីលគ្រូសបានវាយប្រហារលើមជ្ឈមណ្ឌលសហគមន៍ចំនួន២ រីឯផ្ទះ ជាច្រើនខ្នង រួមទាំងមន្ទីរពេទ្យមួយត្រូវបានបំផ្លាញ ហើយរថយន្ដជាច្រើនគ្រឿងត្រូវបានឆាបភ្លើងឆេះ»

ខាងក្រសួងការពារជាតិរុស្ស៉ី មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ ពាក់ព័ន្ធនឹងការវាយប្រហារលើទីក្រុង Vinnytsia តែកន្លងមករុស្ស៉ីតែងតែ ច្រានចោលការចោទប្រកាន់ជុំវិញការវាយប្រហារលើជនស៊ីវិល។ ដោយឡែក នៅថ្ងៃព្រហស្បតិ៍នោះដែរ ប្រទេសចំនួន៤៥ រួមមានទាំង សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍នយោបាយមួយ ដើម្បីធ្វើការរួមគ្នា និងសម្របសម្រួលដល់ការស៊ើបអង្កេតលើ ឧក្រិដ្ឋកម្មសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា ការព្រមព្រៀងគ្នាខាងលើ ធ្វើឡើងនៅឯសន្និសីទអន្តរជាតិមួយរៀបចំឡើងនៅឯទីស្នាក់ការតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក្នុងទីក្រុងឡាអេ ប្រទេសងហូឡង់ ហើយប្រទេសដែលចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍នយោបាយខាងលើ រួមមានរដ្ឋជាសមាជិក សហភាពអឺរ៉ុប ព្រមទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា ម៉ិកសិក និងអូស្ត្រាលី៕