(វ៉ាស៊ីនតោន)៖ លោកស្រី អ៉ីវ៉ាណា ត្រាំ (Ivana Trump) ដែលជាប្រពន្ធដើមរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលមរណភាពហើយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងវ័យ៧៣ឆ្នាំ។ នេះបើតាមសាររបស់លោក ដូណាល់ ត្រាំ ដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជាសោកសៅ ក្រៃលែងដែលត្រូវប្រាប់អ្នកដែលស្រឡាញ់រូបគាត់ (Ivana Trump) ដែលក្នុងនោះមានមនុស្សជាច្រើនថា Ivana Trump បានទទួល មរណភាពហើយ នៅឯគេហដ្ឋារបស់លោកស្រី ក្នុងទីក្រុងញូយ៉ក»

លោកស្រី Ivana Trump និងលោក ដូណាល់ ត្រាំ បានរៀបការជាមួយគ្នាក្នុងឆ្នាំ១៩៧៧ ហើយបានលែងលះក្នុងឆ្នាំ១៩៩២។ អ្នកទាំង២ មានកូនចំនួន៣នាក់ ក្នុងនោះរួមមាន លោក Donald Jr., អ្នកនាង Ivanka និងលោក Eric។ មិនទាន់មានការបញ្ជាក់ពីមូលហេតុស្លាប់ របស់លោកស្រី Ivana ឡើយ តែប៉ូលិសអះអាងថាមិនមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអ្វីនោះទេ៕