(ហ្សេរុយសាឡឹម)៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានសន្យានៅក្នុងសេចក្តីថ្លែងការណ៍សន្តិសុខមួយ ដែលបានចុះហត្ថលេខាជាមួយអ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកនឹងប្រើប្រាស់ «ធាតុទាំងអស់នៃអំណាចជាតិរបស់ខ្លួន» ដើម្បីបញ្ឈប់អ៊ីរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងឯកសារដែលបានចុះហត្ថលេខាដោយលោក Biden និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Yair Lapid នៅទីក្រុងហ្សេរុយសាឡឹម ប្រទេសទាំងពីរ «បញ្ជាក់ឡើងវិញនូវចំណងដែលមិនអាចបំបែកបានរវាងប្រទេសទាំងពីរ និងការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខរបស់អ៊ីស្រាអែល»

ក្នុងឯកសារនោះដែលហៅថា សេចក្តីថ្លែងការណ៍រួមក្រុងហ្សេរូសាឡឹម ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រអាមេរិក-អ៊ីស្រាអែល ក្រុងវ៉ាស៊ីនតោនប្តេជ្ញាថា នឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរឡើយ ដោយគូសបញ្ជាក់ថា ខ្លួននឹងប្រើប្រាស់ធាតុទាំងអស់នៃកម្លាំងជាតិ ដើម្បីធានាបាននូវលទ្ធផលនេះ។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានចុះហត្ថលេខានៅពេលដែលលោក Biden បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនៅថ្ងៃទី២ នៃការធ្វើដំណើរនៅមជ្ឈិមបូព៌ាជាលើកដំបូងរបស់លោកក្នុងនាមជាប្រធានាធិបតី។ បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នៅថ្ងៃសុក្រសប្តាហ៍នេះ គណៈប្រតិភូរបស់លោកនឹងហោះហើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាគូប្រជែងដ៏សំខាន់ក្នុងតំបន់របស់អ៊ីរ៉ង់៕