(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា យន្តហោះចម្បាំង F-35 របស់កូរ៉េខាងត្បូងនិងអាមេរិក ទើបតែបានរួមគ្នា ធ្វើសមយុទ្ធផ្លូវអាកាសជាលើកដំបូង ស្របពេលដែលសម្ព័ន្ធមិត្តទាំងពីរ កំពុងព្យាយាមបង្កើនសមត្ថភាពនៃការធ្វើប្រតិបត្តិការ ក៏ដូចជាពង្រឹងជំហរការពារជាតិរួមគ្នា ចំពោះមុខភាពតានតឹងនៅឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Korea Herald នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២។

កងទ័ពអាកាសកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធារួមគ្នា ដែលមានការចូលរួមពីយន្តហោះចម្បាំងជំនាន់ទី៥ F-35A នៅលើដែនអាកាសនៃប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃចន្ទ មកដល់ថ្ងៃព្រហស្បតិ៍នេះ គឺរយៈពេល៤ថ្ងៃ។ បើតាមកងទ័ពអាកាសកូរ៉េខាងត្បូង កំលុងសមយុទ្ធយោធាផ្លូវអាកាសនោះ យន្តហោះយោធាសរុប ៣០គ្រឿង បានចូលរួម ដែលមានដូចជា F-35A, F-15K, KF-16 និង FA-50 របស់កូរ៉េខាងត្បូង ព្រមទាំង F-16 ហើយនិង F-35A ចំនួន៦គ្រឿង ដែលទើបបញ្ជូនមកពីអាមេរិក។

គួរបញ្ជាក់ថា វាជាលើកទីមួយហើយ ដែលយន្តហោះចម្បាំង F-35A មកពីប្រទេសទាំងពីរ បានធ្វើសមយុទ្ធរួមគ្នាយ៉ាងដូច្នេះ គិតចាប់តាំងតែពី ដំណើរការប្រគល់យន្តហោះ F-35A ចំនួន៤០គ្រឿង មកកាន់កូរ៉េខាងត្បូង បានបញ្ចប់រួចរាល់ជាស្ថាពរ កាលពីខែមករាដើមឆ្នាំនេះ៕