(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការរិះគន់សហរដ្ឋអាមេរិក និងអង់គ្លេស ចំពោះការជួយបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដោយហៅសកម្មភាពនោះថាជាផ្នែកមួយនៃ «សង្រ្គាមកូនកាត់» ដែលធ្វើឡើងដោយក្រុមប្រទេសសមាជិកអង្គការណាតូ (NATO) ដើម្បីប្រឆាំងនឹងរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទិ១៤ ខែកក្កដា ឆ្នាំំ២០២២

នៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បានគូសបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន បានផ្តល់ឲ្យអ៊ុយក្រែននូវគ្រូបង្ហាត់បង្រៀនដល់កងកម្លាំងទីក្រុងកៀវ ឲ្យចេះប្រើប្រាស់ប្រព័ន្ធបាញ់មីស៉ីល HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក។ លោកស្រីបានកត់សម្គាល់ថា មីស៉ីលរយៈចម្ងាយឆ្ងាយ និងមានជាក់លាក់ ជាងអាវុធកាំភ្លើងធំផ្សេងទៀតនេះ កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយកងកម្លាំងអ៊ុយក្រែន។

ជាមួយគ្នានោះ លោកស្រី ហ្សាខារ៉ូវ៉ា ក៏បានរិះគន់ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងនាំយកកងទ័ពអ៊ុយក្រែនរាប់រយនាក់ ទៅកាន់ចក្រភពអង់គ្លេស សម្រាប់ការបណ្តុះបណ្តាលផ្នែកអាវុធ។ លោកស្រី បានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមរបស់ទីក្រុងឡុងដ៍ ដើម្បីបណ្តុះបណ្តាលទាហានអ៊ុយក្រែន រហូតដល់ ១០,០០០នាក់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ គឺជាផ្នែកមួយនៃ «សង្រ្គាមកូនកាត់» របស់លោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូ។

គួរបញ្ជាក់ថា ទាំងរុស្ស៉ី និងអ៊ុយក្រែន បានបដិសេធចំពោះ ការកំណត់គោលដៅវាយប្រហារលើជនស៉ីវិល និងតំបន់លំនៅដ្ឋាន នៅក្នុងជម្លោះដែលបានអូសបន្លាយជិត៥ខែមកហើយនោះ។ ខណៈប្រព័ន្ធបាញ់មីស៉ីល HIMARS របស់សហរដ្ឋអាមេរិក ដែលដំណើរការ នៅអ៊ុយក្រែន នឹងកើនដល់៨គ្រឿង នៅពាក់កណ្តាលខែកក្កដានេះ ក្រុមអ្នកវិភាគយោធាជឿថា ការបំពាក់សព្វាវុធទំនើបបែបនេះ អាចនឹងជួយអ៊ុយក្រែនបានច្រើន ក្នុងការផ្លាស់ប្តូរស្ថានភាពសង្រ្គាម៕