(តូក្យូ)៖ កងកម្លាំងស្វ័យការពារអាកាស (ASDF) នៃប្រទេសជប៉ុន នាថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ ជប៉ុនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយចំនួន ជាមួយសហរដ្ឋអាមេរិក នៅលើដែនទឹកក្បែរប្រទេសរបស់ខ្លួន ចំពោះមុខការកើនឡើង នៃសកម្មភាពតាមដែនសមុទ្ររបស់ចិននិងរុស្ស៉ី នៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Japan Times នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាសរបស់កងកម្លាំង ASDF យន្តហោះចម្បាំងចំនួន២០គ្រឿង របស់ ASDF រួមជាមួយយន្តហោះចម្បាំង ២៩គ្រឿង ព្រមទាំងយន្តហោះយោធា២គ្រឿង របស់កងទ័ពអាកាសអាមេរិក និងយន្តហោះល្បាត១គ្រឿង របស់កងទ័ពជើងទឹកអាមេរិក បានចូលរួមក្នុងសមយុទ្ធយោធា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែកក្កដា និងកាលពីថ្ងៃចន្ទ-អង្គារសប្តាហ៍នេះ នៅតំបន់សមុទ្រជប៉ុន, មហាសមុទ្រប៉ាស៉ីហ្វិក និងសមុទ្រចិនខាងកើត។ រីឯកាលពីថ្ងៃពុធម្សិលមិញ យន្តហោះល្បាតរបស់ កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន និងរបស់កងទ័ពជើងទឹកអាមេរិក ក៏បានធ្វើសមយុទ្ធរួមគ្នា នៅលើដែនទឹកក្បែរប្រជុំកោះ ភាគនិរតីរបស់ជប៉ុនផងដែរ។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធយោធាទាំងនេះរបស់សម្ព័ន្ធមិត្តទាំងពីរ កើតមានឡើង ស្របពេលដែល ក្រុមនាវាយោធាចិននិងរុស្ស៉ី ត្រូវបានគេប្រទះឃើញជាញឹកញាប់ នៅក្បែរប្រទេសជប៉ុន ជាពិសេសចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ប៉ុន្តែនាវាទាំងនោះ មិនបានបំពានចូលដែនទឹកអធិបតេយ្យរបស់ជប៉ុនឡើយ៕