(ប៉េកាំង)៖ ព្រឹកថ្ងៃទី១៣ ខែកក្កដា អគ្គរដ្ឋបាលគយរបស់ប្រទេសចិន បានចេញផ្សាយតារាងពិន្ទុ នៃការនាំចេញនាំចូលរបស់ពាណិជ្ជកម្ម ជាមួយបរទេសរបស់ប្រទេសចិន ពោលគឺមានបរិមាណសរុប ១៩,៨ទ្រីលានប្រាក់យាន់ចិន បានកើនជាង ៩,៤ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២១។

ក្នុងនោះការនាំចេញបានកើនឡើង១៣,២ភាគរយ រីឯការនាំចូលបានកើនឡើង៤,៨ភាគរយ ។ ជាពិសេស បើគិតជាប្រាក់ដុល្លារអាមេរិក ល្បឿនកំណើននៃការនាំចេញរបស់ប្រទេសចិននៅខែមិថុនា បានកើនឡើង១៧,៩ភាគរយ បានហួសពីការប៉ាន់ប្រមាណរបស់ស្ថាប័នទីផ្សារភាគច្រើនទាំងក្នុងស្រុក និងក្រៅប្រទេស។

នៅបីខែដំបូងឆ្នាំនេះ ប្រទេសចិនបានសម្រេចបាននូវកិច្ចចាប់ផ្តើមដ៏មានស្ថិរភាព ដែលមានកំណើន១០,៧ភាគរយ បន្ទាប់មក តំបន់ដីសណ្តរទន្លេយ៉ង់សេនិងទន្លេជូជាំង ដែលមានក្រុងសៀងហៃជាតំណាង និងជាតំបន់ពាណិជ្ជកម្មជាមួយបរទេសដ៏សំខាន់ របស់ប្រទេសចិន បានផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩សាចុះសាឡើង បានវាយប្រហារយ៉ាងខ្លាំងបង្គួរ ទៅលើការនាំចេញនិងនាំចូលនៅខែមេសា។

ពេលដល់ខែឧសភា យោងតាមស្ថានការណ៍ទូទៅ នៃការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ របស់ប្រទេសចិនមានភាពល្អប្រសើរជាទូទៅ សហគ្រាសបានបង្កបង្កើនផលឡើងវិញប្រកបដោយរបៀបរៀបរយ ហើយតួលេខពាណិជ្ជកម្មជាមួយបរទេស របស់ប្រទេសចិន បានចាប់ផ្តើមកើនឡើង។ ខែឧសភា ល្បឿនកំណើនបានឡើងដល់៩,៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ រីឯខែមិថុនាវិញ ល្បឿនកំណើនបានឡើងដល់១៤,៣ភាគរយ ទីបំផុត ល្បឿនកំណើននៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន នៅឆមាសទីមួយឆ្នាំនេះ គឺ៩,៤ភាគរយ បានរក្សានិន្នាការជាមូលដ្ឋាននៃកំណើនពាណិជ្ជកម្មជាមួយបរទេស របស់ប្រទេសចិនដោយនឹងនរ។

បើសិនជាចាត់ទុកផលប៉ះពាល់ពីជំងឺកូវីដ១៩លើកនេះ ជាការសាកល្បងរបស់ពាណិជ្ជកម្មជាមួយបរទេស របស់ប្រទេសចិនក្នុងការទប់ទល់នឹងកម្លាំងសម្ពាធ នោះការងើបឡើងវិញយ៉ាងខ្លាំងនៅខែឧសភា និងខែមិថុនាទទួលបានពន្ទុល្អ ក្នុងការប្រឡងលើកនេះ ហើយក៏ជាការច្រានចោលយ៉ាងខ្លាំងក្លា ចំពោះពាក្យសំដីរបស់មជ្ឈដ្ឋានមតិខាងក្រៅ ដែលតែងតែឃោសនាថាសេដ្ឋកិច្ចចិនមានសភាពអន់ថយ។

ហេតុអ្វីបានជាពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន អាចពុះពារ «ការសាកល្បងពីកម្លាំងសម្ពាធ» គឺដោយមកពីតម្រូវការរបស់ពិភពលោកទាំងមូលចំពោះ «ផលិតផលចិន» មានភាពនឹងនរ។ នៅឆមាសទីមួយឆ្នាំនេះ ការនាំចេញរបស់ប្រទេសចិនលើ វិស័យផលិតផលឧស្សាហកម្មគ្រឿងចក្រ និងអេឡិចត្រូនិក ដូចជាឧបករណ៍អគ្គិសនី គ្រឿងឧបករណ៍អេឡិចត្រូនិច និងរថយន្តជាដើមបានកើនឡើង២៤,៨ភាគរយ ១៦,៤ភាគរយនិង៥១,១ភាគរយ ដោយឡែកពីគ្នា រីឯការនាំចេញលើវិល័យផលិតផល នៃឧស្សាហកម្មអតីពលកម្ម ដូចជាវាយនភណ្ឌ សំលៀកបំពាក់ ផលិតផលប្លាស្ទីក និងស្បែកជើងជាដើម បានកើនឡើង១០,៨ភាគរយ ១៤,៩ភាគរយនិង៣១,៤ភាគរយដោយឡែកពីគ្នា។

កំពង់ផែក៏ជាប់រវល់ណាស់ដែរ។ តាមដំណឹងផ្សាយឱ្យដឹងថា ពីខែមិថុនាដល់សព្វថ្ងៃនេះ គិតជាមធ្យម ក្នុងមួយថ្ងៃៗ រដ្ឋបាលគយនៃក្រុងសៀងហៃ អាចទទួលបានរាយការណ៍នៅកន្លែងគយ សម្រាប់ការនាំចេញនិងនាំចូលប្រហែល ៦ម៉ឺន បានកើនឡើង៣,៤៤ដង បើប្រៀបធៀបនិងពាក់កណ្តាលខែមេសា។

ប្រការនេះអាចឃើញថា ពិភពលោកត្រូវការប្រទេសចិន។ ការអភិវឌ្ឍក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក ធ្វើឱ្យប្រទេសចិនក្លាយទៅជា ប្រទេសតែមួយគត់ដែលមានឧស្សាហកម្មគ្រប់ផ្នែកទាំងអស់ ក្នុងបញ្ជីឈ្មោះឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ ជាងនេះទៅទៀត ក្នុងផលិតផលឧស្សាហកម្មសំខាន់ៗ ចំនួនជាង៥០០ប្រភេទ នៅលើពិភពលោក ផលិតផលឧស្សាហកម្មចំនួនជាង២២០ប្រភេទ របស់ប្រទេសចិន កាន់លំដាប់ថ្នាក់ទីមួយនៅលើពិភពលោក។

និយាយជារួម នៅឆមាសទីមួយឆ្នាំនេះ ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន បានពុះពារសម្ពាធនិងមានភាពធន់កាន់តែខ្លាំងឡើងៗ ហើយបានចាក់គ្រឹះដ៍រឹងមាំសម្រាប់ឱ្យប្រទេសចិន រក្សាភាពនឹងនរនៃពាណិជ្ជកម្មជាមួយបរទេសពេញមួយឆ្នាំ និងលើកកម្ពស់គុណភាព។ យោងតាមគោលនយោបាយរបស់ប្រទេសចិនជាច្រើន សម្រាប់លំនឹងសេដ្ឋកិច្ចត្រូវបានអនុវត្តជាបន្តបន្ទាប់ និងការបង្កបង្កើនផលឡើងវិញ ត្រូវជំរុញដោយមានរបៀបរៀបរយ នោះពាណិជ្ជកម្មជាមួយបរទេសរបស់ចិន មានលក្ខណៈសម្បតិ្តរក្សាការកើនឡើងដោយនឹងនរ ហើយនឹងបន្តផ្តល់កម្លាំងចលករដល់ការងើបឡើងវិញ សេដ្ឋកិច្ចពិភពលោកតទៅទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន