(តូក្យូ)៖ រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសកូរ៉េខាងត្បូង លោក ផាក ជីន (Park Jin) គ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នាថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដើម្បីជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) ខណៈដែលប្រទេសទាំងពីរកំពុងស្វែងរកវិធី ដើម្បីរំសាយភាពតានតឹងចំពោះទំនាក់ទំនងទ្វេរភាគី។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន ក្យូដូ (Kyodo) នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២។

បើតាមប្រភពពីមន្រ្តីរដ្ឋាភិបាលជប៉ុន, កំលុងពេលស្នាក់នៅទីនោះ លោក ផាក ក៏នឹងជួបជាមួយ លោក យ៉ូស៉ិម៉ាសា ហាយ៉ាស៉ិ (Yoshimasa Hayashi) រដ្ឋមន្រ្តីការបរទេសជប៉ុន ដែលជាជំនួបពិភាក្សាលើកដំបូង ចាប់តាំងពីលោក ផាក ឡើងកាន់តំណែង ក្រោមអាណត្តិរដ្ឋាភិបាលរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ។ លោក ផាក ក៏ត្រូវបានគេរំពឹងថា ក៏នឹងបង្ហាញពីការចូលរួមរំលែកទុក្ខដោយផ្ទាល់ ទៅកាន់លោកនាយករដ្ឋមន្រ្តីជប៉ុន ជុំវិញមរណភាពរបស់ លោក អាបេ ស៉ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុនផងដែរ។

គួរបញ្ជាក់ថា វិវាទដែលទាក់ទងនឹងប្រវត្តិសាស្រ្តរបស់ប្រទេសទាំងពីរ ទំនងជាស្ថិតនៅលើរបៀបវារៈកំពូល នៃដំណើរទស្សនកិច្ចលើកនេះ។ ដោយសារតែបញ្ហាទាក់ទងនឹងការដាក់អាណានិគមរបស់ជប៉ុន កាលឆ្នាំ១៩១០-១៩៤៥ លើឧបទ្វីបកូរ៉េ បានបន្តធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល នៅតែមានស្ថិតក្នុងភាពតានតឹង រហូតមកទល់សព្វថ្ងៃ ក្នុងនោះរួមទាំងការទាមទារសំណងពីប្រជាជនកូរ៉េខាងត្បូង ជុំវិញបញ្ហាបង្ខិតបង្ខំឱ្យធ្វើពលកម្មក្នុងសម័យសង្រ្គាម និងការចាប់បង្ខំស្រី្តកូរ៉េ ឱ្យក្លាយជាស្រ្តីបម្រើផ្លូវភេទសម្រាប់យោធាជប៉ុន ជាដើម៕