(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនាថ្ងៃព្រហស្បតិ៍នេះ ប្រកាសឱ្យមន្ទីរពេទ្យនានាត្រៀមលក្ខណៈ ស្របពេលដែល ករណីឆ្លងជំងឺគ្រុនឈាមនៅទូទាំងប្រទេស គិតត្រឹមពេលនេះក្នុងឆ្នាំ២០២២ មានការកើនឡើងលើសទ្វេដង បើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នាកាលពីក្នុងឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២។

សម្រាប់អំលុងឆមាសដំបូងនៃឆ្នាំ២០២២នេះ វៀតណាមបានកត់ត្រាករណីជំងឺគ្រុនឈាមសរុប ៨៩,១២០ករណី ដែលជាកំណើន ១៤៨ភាគរយ បើធៀបនឹងករណីចំនួន ៣៥,៩៣៦ករណី ដែលត្រូវបានកត់ត្រាអំលុងឆមាសដំបូង នៃឆ្នាំ២០២១។ ចំណែកករណីអ្នកស្លាប់ បានកើនឡើង៣ដង ទៅដល់៣៤ករណី ក្នុងរយៈពេលដូចគ្នា។

ពាក់ព័ន្ធនឹងការកើនឡើង នៃករណីឆ្លងជំងឺគ្រុនឈាមនេះ ក្រសួងសុខាភិបាលវៀតណាម បានចេញសេចក្តីប្រកាសយ៉ាងដូច្នេះថា «តួលេខករណីជំងឺគ្រុនឈាម ត្រូវបានព្យាករថានឹងបន្តកើនឡើងថែមទៀត ហើយករណីធ្ងន់ធ្ងរ ដែលត្រូវសម្រាបកព្យាបាលនៅមន្ទីរពេទ្យ ក៏នឹងកើនដូចគ្នា។ ដូច្នេះហើយ សូមមន្ទីរពេទ្យគ្រប់កម្រិតទាំងអស់ ផ្តោតធនធានរៀងៗខ្លួនទៅលើការទទួលព្យាបាល ករណីធ្ងន់ៗ»

គួរបញ្ជាក់ថា ប្រទេសអាស៊ានដែលមានប្រជាជន ៩៨លាននាក់នេះ ជាធម្មតាបានកត់ត្រាករណីជំងឺគ្រុនឈាមក្នុង១ឆ្នាំៗ ចំនួនខ្ទង់ ១១០,០០០ករណី សម្រាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាទូទៅករណីឆ្លងលោតដល់កម្រិតខ្ពស់បំផុត នៅចន្លោះខែមិថុនា និង ខែតុលា។ ជំងឺដែលឆ្លងពីសត្វមូសនេះ មិនមានវ៉ាក់សាំងបង្ការឡើយ៕