(ឡុងដ៍)៖ អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស លោក រីស្ស៉ី ស៊ូណាក់ (Rishi Sunak) កាលពីថ្ងៃពុធសប្តាហ៍នេះ ទទួលបានការគាំទ្រច្រើនជាងគេ ពីសំណាក់សមាជិកសភានៃគណបក្សអភិរក្សនិយម នៅក្នុងការបោះឆ្នោតជុំទីមួយ ដើម្បីជ្រើសរើសអ្នកដែលនឹងត្រូវជំនួស លោក បូរីស ចនសុន (Boris Johnson) ជាប្រធានថ្មីរបស់បក្ស និងជានាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស ខណៈបេក្ខជន២នាក់ ត្រូវបានជម្រុះចេញពីការប្រកួត។ នេះបើតាមចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២។

ក្នុងការបោះឆ្នោតជុំដំបូង លោក Sunak ទទួលបានការគាំទ្រចំនួន៨៨សំឡេង ក្នុងចំណោមសមាជិកសភារបស់ គណបក្សអភិរក្សនិយមសរុប ៣៥៨នាក់។ ចំណែក រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ លោកស្រី ផេននី ម័រដាន់ (Penny Mordaunt) ទទួលបាន ៦៧សំឡេង ហើយរដ្ឋមន្រ្តីការបរទេស លោកស្រី លីស ត្រាស់ (Liz Truss) ទទួលបាន ៥០សំឡេង។

ចំណែក រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក ណាឌីម ហ្សាហាវី (Nadhim Zahawi) និងអតីតរដ្ឋមន្រ្តីការបរទេស លោក ចេរេមី ហាន់ (Jeremy Hunt) គឺត្រូវបានជម្រុះចេញពីការប្រកួត ក្រោយមិនអាចរកបានសំឡេងគាំទ្រយ៉ាងហោច ៣០សំឡេង តាមលក្ខខណ្ឌកំណត់។ លោក Sunak, លោកស្រី Mordaunt, និងលោកស្រី Truss ព្រមទាំងបេក្ខជន៣នាក់ទៀត គឺ អគ្គរាជអាជ្ញា លោកស្រី ស៊ូអេឡា ប្រេវើមែន (Suella Braverman), ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអង់គ្លេស លោក ថម ធូចិនហ៊ែត (Tom Tugendhat), និង រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការសមភាពយែនឌ័រ លោកស្រី ខេមី បេដណុច (Kemi Badenoch) នឹងត្រូវឆ្លងកាត់ការបោះឆ្នោតជុំទី២ នៅថ្ងៃព្រហស្បតិ៍នេះ។

គួរបញ្ជាក់ថា ក្រុមសមាជិកសភាបក្សអភិរក្សនិយម នឹងបន្តបោះឆ្នោតជម្រុះបេក្ខជន ឱ្យនៅសល់២នាក់ចុងក្រោយ នៅត្រឹមថ្ងៃទី២១ ខែកក្កដា មុនពេលសភាត្រូវឈប់សម្រាកវិស្សមកាល។ បន្ទាប់មក បេក្ខជនទាំង២រូប នឹងត្រូវឆ្លងកាត់បោះឆ្នោតជុំចុងក្រោយ ប៉ុន្តែលើកនេះគឺធ្វើឡើង ក្នុងចំណោមសមាជិកប្រមាណជា ២០០,០០០នាក់ របស់គណបក្សតែម្តង ហើយអ្នកទទួលជ័យជម្នះ នឹងត្រូវប្រកាសនៅថ្ងៃទី៥ ខែកញ្ញា ដើម្បីក្លាយជាប្រធានបក្ស និងជានាយករដ្ឋមន្រ្តីជំនួស លោក ចនសុន ដែលកំពុងកាន់អំណាចបណ្តោះអាសន្ន៕