(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើងភ្លាមៗ ក្រោយទីក្រុងព្យុងយ៉ាងទទួលស្គាល់តំបន់ ផ្ដាច់ខ្លួន ២ គាំទ្រដោយរុស្ស៉ីក្នុងតំបន់ភាគខាងកើតនៃប្រទេសជារដ្ឋឯករាជ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអ៊ុយក្រែនបានគូសបញ្ជាក់បន្ថែមដូច្នេះថា «យើងបានពិចារណាឃើញថាការសម្រេចចិត្តនេះ គឺជាការប៉ុនប៉ងរបស់ទីក្រុងព្យុងយ៉ាង ដើម្បីបំផ្លាញអធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន»

គួរបញ្ជាក់ថា កូរ៉េខាងជើង នៅថ្ងៃពុធសប្ដាហ៍នេះបានទទួលស្គាល់តំបន់ផ្ដាច់ខ្លួន២ គាំទ្រដោយរុស្ស៉ីនៅក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនជា «រដ្ឋឯករាជ្យ» ហើយការប្រកាសទទួលស្គាល់នេះដែរ បានធ្វើឱ្យកូរ៉េខាងជើងកា្លយជាប្រទេសទី៣ ដែលទទួលស្គាល់តំបន់ផ្ដាច់ខ្លួន២ គឺសាធារណរដ្ឋប្រជាមានិត ដូណេត និងសាធារណរដ្ឋប្រជាមានិតលូហាន នៃតំបន់ដុនបាស់បន្ទាប់ពីរុស្ស៉ី និងស៊ីរី៕