(ប៉េកាំង)៖ ចិនបានឱ្យដឹងថា នាវាចម្បាំង១គ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរមកក្បែរតំបន់ទីប្រជុំកោះមានវិវាទ ប៉ារ៉ាសែល (Paracel Islands) ដែលស្ថិតនៅតំបន់សមុទ្រចិនខាងត្បូង ប៉ុន្តែត្រូវបានយោធាខ្លួន បណ្តេញឱ្យចាកចេញទៅវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២។

បើតាមទ័ពជើងទឹកអាមេរិក នាវាចម្បាំងរបស់ខ្លួនឈ្មោះ យូអេសអេស បេនហ្វូល (USS Benfold) បានអនុវត្តសិទ្ធិនិងសេរីភាពនាវាចរណ៍ នៅតំបន់សមុទ្រចិនខាងត្បូង ក្បែរទីប្រជុំកោះប៉ារ៉ាសែល ដោយស្របតាមច្បាប់អន្តរជាតិ។ ជុំវិញហេតុការណ៍នេះ យោធាចិនបានចេញមុខអះអាងថា សកម្មភាពរបស់នាវាចម្បាំងអាមេរិក បានបំពានធ្ងន់ធ្ងរលើអធិបតេយ្យនិងសន្តិសុខរបសចិន តាមរយៈការទន្ទ្រានចូលមកក្នុង ដែនទឹកអធិបតេយ្យរបស់ចិន នៅជុំវិញទីប្រជុំកោះប៉ារ៉ាសែល ខណៈទីប្រជុំកោះនេះ ក៏ស្ថិតក្រោមការទាមទារកម្មសិទ្ធិដោយតៃវ៉ាន់ និងវៀតណាមផងដែរ។

យោធាចិនបានបន្តថា ខ្លួនបានចល័តកងកម្លាំងជើងទឹកនិងជើងអាកាស ដើម្បីតាមដាន ឃ្លាំមើល ព្រមាន និងបណ្តេញ នាវាចម្បាំងរបស់អាមេរិក ឱ្យចេញពីទីនោះវិញ ហើយបានរិះគន់ថា ទង្វើខាងលើគឺជាការស្តែងឱ្យឃើញជាដដែលៗថា សហរដ្ឋអាមេរិកគឺជា អ្នកបង្កហានិភ័យផ្នែកសន្តិសុខ នៅតំបន់សមុទ្រចិនខាងត្បូង និងជាអ្នកបំផ្លាញសុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

ទោះជាបែបនេះក្តី យោធាអាមេរិកបានលើកឡើងថា សេចក្តីថ្លែងការណ៍របស់ចិន ជុំវិញបេសកកម្មនាវាចម្បាំងរបស់ខ្លួន គឺជាមិនត្រឹមត្រូវនោះទេ ហើយវាគឺជាការព្យាយាមចុងក្រោយគេរបស់ចិន ដើម្បីលាបពណ៌ប្រតិបត្តិការដែនសមុទ្រស្របច្បាប់ របស់សហរដ្ឋអាមេរិក។ យោធាអាមេរិក ក៏បានសង្កត់ធ្ងន់ជាចុងក្រោយថា ខ្លួនកំពុងការពារសិទ្ធិរបស់ប្រទេសទាំងអស់ ក្នុងការហោះហើរ, ក្នុងការធ្វើនាវាចរណ៍, និងក្នុងការធ្វើប្រតិបត្តិការផ្សេងៗ នៅគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត ហើយចិនមិនអាចធ្វើអ្វីដើម្បីរារាំងខ្លួនបានឡើយ៕