(ឡុងដ៍)៖ បេក្ខជនសរុបចំនួន៨នាក់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ទទួលបានការគាំទ្រឱ្យឈរឈ្មោះ ដើម្បីប្រកួតប្រជែងយកតំណែង ប្រធានគណបក្សអភិរក្សនិយម ដែលកំពុងកាន់អំណាច ហើយជំនួសលោក បូរីស ចនសុន ជានាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២។

បេក្ខជនទាំង៨រូបខាងលើ រួមមានអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក រីស្ស៉ី ស៊ូណាក់ (Rishi Sunak), រដ្ឋមន្រ្តីការបរទេស លោកស្រី លីស ត្រាស់ (Liz Truss), រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ លោកស្រី ផេននី ម័រដាន់ (Penny Mordaunt), សមាជិកសភា លោក ថម ធូចិនហ៊ែត (Tom Tugendhat), អគ្គរាជអាជ្ញា លោកស្រី ស៊ូអេឡា ប្រេវើមែន (Suella Braverman), រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក ណាឌីម ហ្សាហាវី (Nadhim Zahawi), រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការសមភាពយែនឌ័រ លោកស្រី ខេមី បេដណុច (Kemi Badenoch) និងអតីតរដ្ឋមន្រ្តីការបរទេស លោក ចេរេមី ហាន់ (Jeremy Hunt)។

ការបោះឆ្នោតជុំដំបូងក្នុងចំណោមសមាជិកសភាបក្សអភិរក្សនិយម នឹងត្រូវធ្វើឡើងនៅថ្ងៃពុធនេះ ហើយមានតែបេក្ខជនដែលទទួលបាន ការគាំទ្រយ៉ាងហោច៣០សំឡេងប៉ុណ្ណោះ ដែលអាចបន្តឆ្លងទៅប្រកួតប្រជែងក្នុងការបោះឆ្នោតជុំទី២បាន ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ចំនួនបេក្ខជននឹងត្រូវជម្រុះ តាមរយៈការបោះឆ្នោតជុំបន្តបន្ទាប់ទៀត មកនៅត្រឹម២នាក់ចុងក្រោយ មុនពេលសភាអង់គ្លេស ត្រូវឈប់សម្រាកពីការងារសម្រាប់វិស្សមកាលរដូវក្តៅ នាថ្ងៃទី២១ ខែកក្កដា។

ក្រោយមក បេក្ខជនទាំង២រូបនោះ នឹងត្រូវឆ្លងកាត់ការបោះឆ្នោតក្នុងចំណោមសមាជិកទាំងអស់ របស់គណបក្សអភិរក្សនិយម ដែលមានចំនួនប្រហែល២០០,០០០នាក់ ហើយអ្នកទទួលជ័យជម្នះនឹងត្រូវប្រកាសនៅថ្ងៃទី៥ ខែកញ្ញា ដែលនឹងក្លាយជាប្រធានថ្មីរបស់បក្ស ព្រមទាំងជានាយករដ្ឋមន្រ្តីថ្មី។

គួរបញ្ជាក់ថា ការប្រកួតប្រជែងតំណែងប្រធានគណបក្សអភិរក្សនិយម បានកើតមានឡើង បន្ទាប់ពី លោក បូរីស ចនសុន ត្រូវបានបង្ខំឱ្យចុះចេញពីអំណាច កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយសារតែការដាក់ពាក្យលាលែងពីតំណែង ដោយគណៈរដ្ឋមន្រ្តី និងមន្រ្តីរដ្ឋាភិបាលជាច្រើនរូប ដើម្បីសម្តែងការមិនពេញចិត្ត ចំពោះការដឹកនាំរបស់លោក ដែលចោមរោមដោយរឿងអាស្រូវផ្ទួនៗ។ ទោះជាបែបនេះក្តី លោក ចនសុន កំពុងបន្តកាន់តួនាទីជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន រហូតទាល់តែបក្សអភិរក្សនិយម ជ្រើសរើសបានប្រធានថ្មី ដើម្បីជំនួសរូបលោក៕