(កូឡុំបូ)៖ នៅថ្ងៃពុធនេះ ស្រីលង្កាបានសម្រេចដាក់ប្រទេសទៅក្នុងភាពអាសន្ន ហើយក្រុមបាតុករ ក៏បាននាំគ្នាចេញធ្វើសកម្មភាពតវ៉ា សាជាថ្មីផងដែរនៅក្នុងរដ្ឋធានីកូឡុំបូ បន្ទាប់ពីប្រធានាធិបតី លោក ហ្កោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) បានរត់គេចទៅក្រៅប្រទេស មុនពេលត្រូវលាលែងពីតំណែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២។

អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្រ្តីស្រីលង្កា បានឱ្យដឹងថា នាយករដ្ឋមន្រ្តី លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe) ក្នុងនាមជាប្រធានាធិបតីស្តីទី បានសម្រេចប្រកាសដាក់ប្រទេសទាំងមូលក្នុងគ្រាអាសន្ន។ ក្នុងថ្ងៃពុធដដែលនេះ ក្រុមបាតុកររាប់ពាន់នាក់ ក៏បាននាំគ្នាចេញធ្វើបាតុកម្មតាមដងផ្លូវ នៅទីក្រុងកូឡុំបូឡើងវិញផងដែរ បន្ទាប់ពីមានដំណឹងថា ប្រធានាធិបតីលោក រ៉ាចាប៉ាក់សា បានភៀសខ្លួនទៅក្រៅប្រទេសបាត់ទៅហើយ។ កំលុងការផ្ទុះបាតុកម្មឡើងវិញនេះ កងកម្លាំងសន្តិសុខស្រីលង្កា ក៏បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ ដែលប៉ុនប៉ងសម្រុកចូល ការិយាល័យនាយករដ្ឋមន្រ្តីថែមទៀតផង។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍នេះកន្លងទៅ លោក ហ្កោតាបាយ៉ា រ៉ាចាប៉ាក់សា បានយល់ព្រមថា នឹងលាលែងពីប្រធានាធិបតី នៅថ្ងៃពុធនេះ ហើយលោក រ៉ានីល វីគ្រីមេស៉ីងហ្កេ ក៏បានបង្ហាញឆន្ទៈលាលែងផងដែរ បន្ទាប់ពីក្រុមបាតុករបានចូលកាន់កាប់ វិមានលោកប្រធានាធិបតី ព្រមទាំងដុតបំផ្លាញគេហដ្ឋានលោកនាយករដ្ឋមន្រ្តី។ ប៉ុន្តែកាលពីព្រឹកថ្ងៃពុធនេះ លោក រ៉ាចាប៉ាក់សា បានរត់ភៀសខ្លួនចេញពីក្រៅប្រទេស ដោយមិនបានលាលែងពីតំណែងឡើយ ហើយបើតាមប្រភពពីមន្រ្តីរដ្ឋាភិបាលស្រីលង្កា គឺលោកបានឆ្ពោះទៅកាន់ប្រទេសដីកោះ ម៉ាល់ឌីវ។ ប្រទេសស្រីលង្កាបានប្រឈមការធ្វើបាតុកម្ម អស់រយៈពេលច្រើនខែមកហើយ ដោយសារតែវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត៕