(ប៉េកាំង)៖ មូលដ្ឋានគ្រឹះនៃទន្លេមួយគឺ ស្ថិតនៅត្រង់ប្រភព ចំណែកឯអនាគតនៃប្រទេសមួយវិញគឺ ស្ថិតនៅត្រង់យុវជន។ យុវជនគឺជាកម្លាំងដ៏វិជ្ជមាននិងរស់រវើកបំផុតក្នុងសង្គមទាំងមូល យុវជនជាក្តីសង្ឃឹមរបស់ប្រទេសជាតិ ហើយក៏ជាអនាគតរបស់ប្រទេសជាតិផងដែរ។ យុវជនចិនជាកម្លាំងឈានមុខ ក្នុងការសម្រេចបាននូវ ភាពរុងរឿងថ្កុំថ្កើងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ជាប់រហូតមក។

ដោយសារប្រវតិ្តកើតជំងឺមួយលើករបស់លោក Feng Zhiwei ជាយុវជនហុងកុងនៅកាលពីមុន ដូច្នេះលោកក៏បានភ្ជាប់និស្ស័យ ជាមួយពេទ្យចិនសែ។ កាលពីឆ្នាំ ២០១៨ បន្ទាប់ពីបានគិតពិចារណាដោយមធ្យ័ត ទីបំផុត លោក Feng Zhiwei បានសម្រេចចិត្តសិក្សាពីមុខវិជ្ជាពេទ្យចិនសែ នៅសាកលវិទ្យាល័យឱសថ និងពេទ្យចិនសែ Nanjing។ បន្ទាប់ពីចាប់ផ្តើមការសិក្សា ជាផ្លូវការ លោក Feng Zhiwei ទើបមានអារម្មណ៏ថា ពេទ្យចិនសែមានភាពអស្ចារ្យនិងអច្ឆរិយ។ ពេលអនាគត លោករំពឹងថា នឹងបន្តការសិក្សាដើម្បីក្លាយជា អ្នកបន្តវេនពេទ្យចិនសែឱ្យបានល្អ។

លោក Xu Danyang បានកើតក្រោយពីឆ្នាំ ១៩៩៥ ជាបុរាណវិទូម្នាក់ គឺជាបុរាណវិទូម្នាក់នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវវត្ថុបុរាណ និងបុរាណវិទ្យាខេត្ត Si chuan។ ក្នុងចំណាប់អារម្មណ៍របស់មនុស្សភាគច្រើន បុរាណវិទូភាគច្រើនគឺជា អ្នកជំនាញនិងបញ្ញវន្តជើងចាស់។ យ៉ាងណាមិញ ក្នុងការងារបុរាណវិទ្យានៅជួរមុខរបស់ប្រទេសចិន តែងតែមានយុវជនជាច្រើននាក់ បំពេញភារកិច្ចយ៉ាងឧស្សាហ៍ព្យាយាម។ លោកបាននិយាយថា «រាល់ពេលដែលក្រឡេកទៅមើលពីវត្ថុបុរាណ សុទ្ធតែនឹងកើតមានការអង្រួនដូងចិត្តដែលមិនអាចពិពណ៌នាបាន»។ នៅកន្លែងបំពេញការងារបុរាណវិទ្យា អ្នកដែលដោះលេខសម្ងាត់អាថ៌កំបាំង នៃវត្ថុបុរាណដ៏មានតម្លៃទាំងនេះភាគច្រើន គឺ បុរាណវិទូដែលកើតក្រោយពីទសវត្សរ៍ឆ្នាំ៩០។

សូមបញ្ជាក់ថា យុវជនក្នុងយុគសម័យថ្មី នៃប្រទេសចិនពោរពេញទៅដោយភាពក្លៀវក្លា កម្លាំងរស់រវើក កាតព្វកិច្ចនិងទំនួលខុសត្រូវ ក្នុងដំណើរកសាងវិស្វកម្មដ៏សំខាន់ៗ ដែលឆ្លុះបញ្ចាំងពីកម្លាំងជាតិចម្រុះ និងផ្សព្វផ្សាយឆន្ទៈមុះមុតជាតិ ក្នុងគ្រាឆ្លើយតបនឹងភាពអាសន្នខាងវិបតិ្តសាធារណៈ ក្នុងគ្រាដ៏គន្លឹះប្រឈមនឹងការស្លាប់រស់ ពួកគេឥតរួញរាទេ ហើយបាននិងកំពុងធ្វើតាមពាក្យសន្យា ចំពោះប្រទេសនិងប្រជាជន តាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន។

បន្ទាប់ពីបានផ្ទុះជំងឺកូវីដ១៩ មក ក្រុមយុវជនឈានមុខជាង ៣២ម៉ឺនក្រុម និងយុវជនជាង ៥៥០ម៉ឺននាក់ បាននិងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ យ៉ាងមមាញឹកលើគ្រប់វិស័យ ដូចជាសុខាភិបាលនិងសង្គ្រោះបន្ទាន់ គមនាគមន៍និងចរាចរណ៍ទំនិញ ព្រមនិងការស្ថាបនាវិស្វកម្មសំខាន់ៗជាដើម និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការយកឈ្នះលើសមរភូមិ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ជាពិសេស ក្នុងចំណោមគិលានុបដ្ឋាយិកាចំនួន ២៨,៦០០នាក់ ក្នុងក្រុមជំនាញវេជ្ជសាស្ត្រដែលបានជួយខេត្តហ៊ូប៉ី អ្នកដែលមានអាយុជាង ៤០ឆ្នាំឬ៣០ឆ្នាំ មានចំនួនដល់ទៅ ៩០ភាគរយ នៃចំនួនគិលានុបដ្ឋាយិកាសរុប។ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង ពួកគេមិនខ្លាចពលីជីវិត និងឧស្សាហ៍ព្យាយាមបំពេញការងារ យ៉ាងអង់អាចក្លាហាន ហើយទទួលបានជ័យជម្នះក្នុងការសាកល្បងដ៏សំខាន់លើកនេះ។

មិនថាបំពេញការងារនៅកន្លែងវិស្វកម្មជាយុទ្ធសាស្ត្រ ដូចជា ការបង្ហូរឧស្ម័នធម្មជាតិពីភាគខាងលិចទៅខាងកើត និងការផ្ទេរទឹកពីភាគខាងត្បូងទៅខាងជើងជាដើម ឬមួយក៏នៅការដ្ឋាននៃគម្រោងជានីមិត្តសញ្ញា ដូចជា ស្ពានហុងកុង-ជូហៃ-ម៉ាកាវ អាកាសយានដ្ឋានអន្តរជាតិ Da xing ក្រុងប៉េកាំងនិងកុមប្រេស័រដើរដោយថាមពលនុយគ្លេអ៊ែរ «Hua long លេខ១» ក៏ដោយ ក៏ទង់នៃ «ក្រុមយុវជនឈានមុខ» និង «ក្រុមយុវជនពុះពារឧបសគ្គសំខាន់» បានបក់រវិចៗនៅគ្រប់ទីកន្លែង។

យុវជនចិនស្វែងរកវឌ្ឍនភាពខាងនយោបាយ ហើយឆន្ទៈរបស់ពួកគេ ដែលចង់ចូលជាសមាជិកបក្សកុម្មុយនីស្តចិន និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន បានលាន់ឮកាន់តែខ្លាំងឡើងៗជាបន្តបន្ទាប់។ យោងតាមទិន្នន័យស្ថិតិបានឱ្យដឹងថា គិតរហូតដល់ខែមិថុនា ឆ្នាំ២០២១ សមាជិកបក្សកុម្មុយនីស្តចិន ដែលមានអាយុក្រោម ៣៥ឆ្នាំមានចំនួនសរុប ២៣លាន ៦សែន ៧ម៉ឺន ៩ពាន់នាក់ ត្រូវជា២៤,៩ភាគរយនៃបរិមាណសរុប។ គិតរហូតដល់ដំណាច់ឆ្នាំ២០២១ សមាជិកសម្ព័ន្ធយុវជនកុម្មុយនីស្តចិន មានចំនួនសរុប ៧៣លាន ៧សែន ១ម៉ឺន ៥ពាន់នាក់។

សង្គមគឺជាថ្នាក់រៀនដ៏សំខាន់សម្រាប់ ការធំធាត់ឡើងនិងការអភិវឌ្ឍរបស់យុវជន។ យុវជនចិនក្នុងយុគសម័យថ្មីប្រកាន់ខ្ជាប់ នូវអាកប្បកិរិយាដែលកាន់តែមានជំនឿចិត្តលើខ្លួនឯង និងស្មារតីដែលកាន់តែមានភាពម្ចាស់ការ ដើម្បីសម្របខ្លួនទៅនឹងសង្គម រួមបញ្ចូលជាមួយសង្គម ក៏ដូចជាចូលរួមក្នុងដំណើរការអភិវឌ្ឍនៃសង្គម ហើយបានក្លាយជាអ្នកផ្តួចផ្តើម និងអ្នកអនុវត្តនៃកម្លាំងវិជ្ជមាន។

គិតរហូតដល់ដំណាច់ឆ្នាំ២០២១ អ្នកស្ម័គ្រចិត្តចុះបញ្ជីក្នុងប្រព័ន្ធព័ត៌មាន ស្តីពីសេវាកម្មស្ម័គ្រចិត្តនៅទូទាំងប្រទេសចិន ដែលមានអាយុពី ១៤ ដល់ ៣៥ឆ្នាំ មានចំនួនលើសពី ៩០លាននាក់។ ពួកគេបាននិងកំពុងចូលរួមការងារ នៅជួរមុខយ៉ាងសកម្មក្នុងគ្រប់វិស័យ ដូចជា កិច្ចកសាងសហគមន៍ ការប្រកួតកីឡាទ្រង់ទ្រាយធំ ការការពារបរិស្ថាន ការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ សុខាភិបាលនិងការជួយសង្គ្រោះបន្ទាន់ជាដើម ដែលបានបង្កើតជាឥរិយាបថសង្គមថ្មី ដែលសាមគ្គីគ្នានិងជួយយកអាសាគ្នាទៅវិញទៅមក ប្រកបដោយសមភា ពនិងសេចក្តីស្រឡាញ់ក្នុងសង្គមទាំងមូល។

គិតរហូតដល់ឆ្នាំ ២០២១ យុវជនចំនួន ៤៧ម៉ឺននាក់ បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់ការគាំទ្រដល់វិស័យអប់រំ កសិកម្មនិងសុខាភិបាលនៅតំបន់មូលដ្ឋាន ចំណែកឯនិស្សិតវ័យក្មេងរាប់លាននាក់វិញ បានចូលរួមសកម្មភាពអនុវត្តជាក់ស្ដែងក្នុងសង្គមគ្រប់បែបយ៉ាង ដើម្បីបំពេញបំន្ថែមកម្លាំងចលករថ្មី សម្រាប់យុទ្ធនាការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រ និងជំរុញឱ្យជនបទមានភាពរុងរឿងឡើងវិញ។

យុវជនចិនក្នុងយុគសម័យថ្មី បង្ហាញឱ្យឃើញទៅកាន់ពិភពលោក នូវការស្រមើស្រមៃនិងកម្លាំងផលិតកម្ម ការរំដោះគំនិតនិងធ្វើការត្រួសត្រាយ និងស្វែងរកការរីកចម្រើន ក៏ដូចជាហ៊ានចូលរួមក្នុងការប្រកួតប្រជែងអន្តរជាតិ ដែលកាន់តែខ្លាំងក្លាពីមួយថៃ្ងទៅមួយថ្ងៃ។ ដោយទទួលបានផលប្រយោជន៍ពីគោលនយោបាយល្អរបស់បក្សនិងរដ្ឋ ពួកគេបានក្លាយជាកម្លាំងរស់រវើកសម្រាប់ច្នៃប្រឌិតថ្មី និងបង្កើតអាជីពក្នុងគ្រប់វិស័យ ដូចជា សេដ្ឋកិច្ច សង្គម បច្ចេកវិទ្យានិងវប្បធម៌ជាដើម។

គួរបញ្ជាក់ដែរថា បុគ្គលិកសិក្សាស្រាវជ្រាវស្នូល នៃក្រុមផ្កាយរណប Beidou មានអាយុគិតជាមធ្យម គឺ ៣៦ឆ្នាំ ក្រុមវិទ្យាសាស្ត្រ quantum មានអាយុគិតជាមធ្យម គឺ ៣៥ ឆ្នាំ ចំណែកឯក្រុមតេឡេស្កូប FAST របស់ចិនមានអាយុគិតជាមធ្យមត្រឹមតែ ៣០ ឆ្នាំប៉ុណ្ណោះ។ ពួកគេបានលើកកម្ពស់យ៉ាងខ្លាំងនូវកម្លាំងចលករ ចំពោះការអភិវឌ្ឍនិងកម្លាំងប្រកួតប្រជែងអន្តរជាតិរបស់ប្រទេសចិន តាមរយៈចំណេះដឹងនិងបច្ចេកវិជ្ជាដ៏ជំនាញរបស់ខ្លួន។

យុវជនជាអនាគតរបស់ប្រទេសជាតិ ហើយក៏ជាអនាគតរបស់ពិភពលោកផងដែរ។ យុវជនចិនក្នុងយុគសម័យថ្មីមិនត្រឹមតែ មានមនោសញ្ចេតនាស្នេហាមាតុប្រទេសផង ហើយក៏មានមនោសញ្ចេតនាយកចិត្តទុកដាក់ដល់មនុស្សជាតិដែរ។ ពួកគេបាននិងកំពុងរៀនសូត្រយ៉ាងសកម្ម នូវបទពិសោធដ៏មានតម្លៃនិងសមិទ្ធផលជាផ្លែផ្កា នៃអរិយធម៌របស់ប្រទេសនានា រួមសហការជាមួយយុវជនប្រទេសនានាលើពិភពលោក ដើម្បីជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ផ្សព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល ដែលប្រកបដោយសន្តិភាព ការអភិវឌ្ឍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យនិងសេរីភាព ក៏ដូចជាពួតដៃគ្នាដើម្បីត្រួសត្រាយអនាគត កាន់តែល្អបវររបស់មនុស្សជាតិផងដែរ។

អ្នកស្ម័គ្រចិត្តនៃគ្រូបង្រៀនភាសាចិនអន្តរជាតិ ដែលចាត់ទុកយុវជនជាតួអង្គសំខាន់បានបម្រើការងារ ផែ្នកភាសាចិនក្នុងប្រទេសជាង ១០០ ដែលបានជួយយុវជនប្រទេសនានាឱ្យរៀនវប្បធម៌ចិន។ «កម្មវិធីសេវាកម្មយុវជនស្ម័គ្រចិត្តចិននៅបរទេស» បានចាត់បញ្ជូនយុវជនស្ម័គ្រចិត្តសរុបជាង ៧០០នាក់ ដើម្បីផ្តល់សេវាលើគ្រប់វិស័យ ដូចជា សុខាភិបាល បច្ចេកវិទ្យាផែ្នកកសិកម្មនិងការអភិវឌ្ឍសង្គមជាដើម ក្នុងប្រទេសជាង២០នៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន។ ឆ្លងតាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន យុវជនចិនបានបញ្ជាក់ទៅកាន់ពិភពលោកថា ឱ្យតែប្រជាជននៃបណ្តាប្រទេសនានាលើពិភពលោក រួមចិត្តរួមកម្លាំងនិងពួតដៃគ្នារីកចម្រើនទៅមុខ នោះ អនាគតនៃការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ពិតជានឹងមានភាពកាន់តែល្អបវរជាក់ជាមិនខាន។

គួររំលឹកថា តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក យុវជនចិនក្នុងយុគសម័យថ្មីបានចាត់ទុក ការស្តារភាពរុងរឿងថ្កុំថ្កើងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ជាភារកិច្ចផ្ទាល់ខ្លួននិងបានបង្ហាញឱ្យឃើញ នូវស្មារតីស្តីពីការមានជំនឿចិត្តលើខ្លួនឯង និងខិតខំតស៊ូដោយឯករាជ្យម្ចាស់ការ បានទទួលការយកចិត្តទុកដាក់យ៉ាងដិតដល់ និងកោតសរសើរពីសំណាក់សហគមន៍អន្តរជាតិ។

នាពេលថ្មីៗកន្លងទៅនេះ វេបសាយនៃកាសែត «The Statesman» របស់ឥណ្ឌា បានចេញផ្សាយអត្ថបទដោយអះអាងថា យុវជនរបស់ប្រទេសចិនកំពុងរស់នៅ ក្នុងដំណាក់កាលដ៏ល្អបំផុត នៃការអភិវឌ្ឍសង្គមរបស់ប្រទេសចិន ដោយទទួលបានចន្លោះអភិវឌ្ឍន៍កាន់តែទូលំទូលាយ។ ពួកគេមិនដែលខ្លាចការលំបាកណាឡើយ ធ្វើការតស៊ូព្យាយាមនៅជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ចូលរួមក្នុងកិច្ចកសាងដើម្បីជំរុញ ឱ្យជនបទមានភាពរុងរឿងឡើងវិញ ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមគ្រប់បែបយ៉ាង ។ ជាងនេះទៅទៀត ពួកគេមិនត្រឹមតែយកចិត្តទុកដាក់ ដល់មាតុប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏យកចិត្តទុកដាក់ចំពោះ ការអភិវឌ្ឍរបស់មនុស្សជាតិទាំងមូលផងដែរ។

ក្នុងរយៈពេលមុននេះមិនជាយូរប៉ុន្មាន វេបសាយ «nippo» របស់ជប៉ុនបានចេញផ្សាយអត្ថបទដោយអះអាងថា យោងតាមលទ្ធផលនៃការស្ទង់ប្រជាមតិមួយលើក ស្តីពីការ «តើលោកអ្នកសម្គាល់ឃើញថា ប្រទេសខ្លួនអាចទទួលបាន ការកែលម្អនៅពេលអនាគតឬទេ?» ដែលបានធ្វើចំពោះយុវជនយុវនារី ដែលមានអាយុពី ១៧ ដល់ ១៩ឆ្នាំចំនួន ៦,០០០នាក់ របស់ប្រទេសចំនួន៦ ដូចជា ជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស ចិន កូរ៉េខាងត្បូងនិងឥណ្ឌាបានបង្ហាញឱ្យឃើញថា យុវជនចិន ៩៥,៧ ភាគរយពោរពេញទៅដោយសេចក្តីសង្ឃឹម ចំពោះអនាគតរបស់ប្រទេសខ្លួន។

ពិភពលោកនៅពេលអនាគត គឺពាក់ព័ន្ធដល់អនាគតនិងជោគវាសនា របស់យុវជនយុវនារីគ្រប់រូប ហើយក៏ស្ថិតនៅលើការខិតខំតស៊ូព្យាយាម របស់យុវជនយុវនារីគ្រប់រូបផងដែរ។ យុវជនចិនលើកគំនិតផ្តួចផ្តើម ចំពោះយុវជនពិភពលោកថា៖ គួរប្រកាន់ខ្ជាប់ការស្វែងរកគុណតម្លៃរួម ដែលឆ្ពោះទៅរកភាពល្អប្រសើរ ប្រមូលផ្តុំកម្លាំងខិតខំប្រឹងប្រែង និងជួយយកអាសាគ្នា បង្ហាញពីស្មារតីដែលពោរពេញទៅដោយ ភាពក្លៀវក្លានិងរស់រវើក តស៊ូព្យាយាមនិងរ៉ាប់រងកាតព្វកិច្ចដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ប្រទេសជាតិ ក៏ដូចជារួមចំណែកជាប្រាជ្ញាស្មារតី និងកម្លាំងកាយចិត្តរបស់ចិនដល់សន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោកផងដែរ។

នាពេលបច្ចុប្បន្ននេះ ប្រទេសចិនបានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដំណើរថ្មីនៃកិច្ចកសាងប្រទេសសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយបានចាប់ផ្តើម ហើយផែនការអភិវឌ្ឍន៍ជាតិ ៥ឆ្នាំទី១៤ បានឈានចូលឆ្នាំទី២។ ឈរនៅចំណុចប្រសព្វគ្នានៃប្រវត្តិសាស្ត្រ ជំនាន់វ័យក្មេងចិននឹងទទួលការ «បណ្តាក់វេន» ពីជំនាន់មុន ដូច្នេះ «តួអង្គសំខាន់» «កម្លាំងឈានមុខ» និង «កម្លាំងរស់រវើក» ដ៏ច្រើនរាប់មិនអស់នឹងរួមចំណែកជា កម្លាំងយុវភាពរបស់ខ្លួនក្នុងការសម្រេចបាន នូវសុបិនចិនដែលស្តារ ភាពរុងរឿងថ្កុំថ្កើងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ដើម្បីជំរុញការអភិវឌ្ឍរបស់នាវាយក្សចិន ឱ្យធ្វើនាវាចរណ៍ទៅមុខប្រកបដោយភាពនឹងនរ និងរឹងមាំ ក៏ដូចជាបំពេញបំន្ថែមកម្លាំងជាបន្តបន្ទាប់ ដើម្បីវិបុលភាពនិងស្ថិរភាពនៃពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន