(វ៉ាស៉ីនតោន)៖ យោធាអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា មេដឹកនាំរបស់ក្រុម ISIS នៅក្នុងប្រទេសស៉ីរី ដែលជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំកំពូល ទាំង៥ របស់ក្រុមភេរវករមួយនេះ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ, ទីបញ្ជាការយោធាកណ្តាលអាមេរិកបានឲ្យដឹងថា មេដឹកនាំក្រុម ISIS ឈ្មោះ ម៉ាហែរ អាល់អាហ្កាល់ (Maher al-Agal) ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាសដោយយន្ដហោះដ្រូនមួយគ្រឿង នៅឯភាគពាយព្យនៃប្រទេសស៉ីរី ខណៈសមាជិកម្នាក់ទៀតរងរបួសធ្ងន់។ អាល់អាហ្កាល់ ជាមេដឹកនាំ កំពូលម្នាក់ក្នុងចំណោមមេដឹកនាំកំពូលទាំង៥ នៃក្រុម ISIS និងជាអ្នកទទួលខុសត្រូវក្នុងការអភិវឌ្ឍបណ្តាញISIS នៅខាងក្រៅអ៉ីរ៉ាក់ និងស៉ីរី។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក មានកងទ័ពរបស់ខ្លួនប្រហែល ៩០០នាក់ នៅក្នុងប្រទេសស៉ីរី ដែលភាគច្រើនស្ថិតនៅឯភាគខាងកើតប្រទេស រយៈពេលជាង ១ទសវត្សរ៍ មកនេះ។ ការវាយប្រហារតាមអាកាសខាងលើនេះ គឺជាផ្នែកមួយនៃការធ្វើផែនការប្រតិបត្តិយ៉ាងទូលំទូលាយរបស់សហរដ្ឋអាមេរិក ខណៈសេចក្តីរាយការណ៍ដំបូង បង្ហាញថាមិនមានជនស៊ីវិលបាត់បង់ជីវិតនោះទេ៕