(ប៉េកាំង)៖ ក្រសួងការបរទេសចិន បាននិយាយថាស្ថានទូតរបស់ខ្លួនប្រចាំប្រទេសជប៉ុន បានដាក់កំណត់ទូតតវ៉ាទៅកាន់រដ្ឋាភិបាលទីក្រុងតូក្យូ ដើម្បីសម្ដែងការមិន ពេញចិត្តចំពោះការចូលរួមរបស់អនុប្រធានាធិបតីកោះតៃវ៉ាន់ លោក វីលៀម ឡៃ (William Lai) ក្នុងពិធីបុណ្យសពនៃអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២។

លោក ឡៃ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន នៅក្នុងដំណើរមួយដែលក្រុមមន្ត្រីជប៉ុនហៅថាជាដំណើរទស្សនកិច្ចឯកជន ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធលោក អាបេ។ តែ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន វ៉ាង វិនប៊ីន (Wang Wenbin) បានសង្កត់ធ្ងន់ថាតៃវ៉ាន់ជា ផ្នែកមួយរបស់ចិន ហើយក៏គ្មានអនុប្រធានាធិបតីអ្វីនោះដែរ។ លោក វ៉ាង បានបញ្ជាក់ដូច្នេះថា «នៅក្រោយការធ្វើឃាតអតីតនាយរដ្ឋមន្ត្រីជប៉ុន លោក អាបេ អាជ្ញាធរតៃវ៉ាន់បានចាប់យកឱកាស សំដៅចូលរួមក្នុងនយោបាយបោកបញ្ឆោត ដែលទង្វើបែបនេះនឹងមិនទទួលបានជោគជ័យឡើយ»

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មានកណ្ដាលតៃវ៉ាន់ លោក វីលៀម ឡៃ គឺជាមន្ត្រីជាន់ខ្ពស់បំផុតមួយរូបរបស់តៃវ៉ាន់ ដែលបានបំពេញដំណើរទស្សនកិច្ចទៅកាន់ ប្រទេសជប៉ុន ចាប់តាំងពីទីក្រុងតូក្យូ ផ្ដាច់ទំនាក់ទំនងការទូតផ្លូវការជាមួយទីក្រុងតៃប៉ិ ក្នុងឆ្នាំ១៩៧២ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយចិន៕