(មូស្គូ)៖ វិមានក្រឹមឡាំងបានឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងជួបជាមួយសមភាគីតួកគី គឺលោក តាយីប អឺដូហ្កាន់ ហើយនិងសមភាគីអ៉ីរ៉ង់ គឺលោក អ៉ីប្រាហ៉ីម រៃស៉ី ដើម្បីជជែកអំពីបញ្ហាពាក់ព័ន្ធនឹងប្រទេសស៉ីរី កំលុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតេហេរ៉ង់ នាថ្ងៃអង្គារសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បាននិយាយថា ក្រុមមេដឹកនាំនៃប្រទេសទាំង៣ នឹងបើកកិច្ចប្រជុំទម្រង់ត្រីភាគី ក្រោមក្របខណ្ឌដំណើរការអាស្តាណា ដែលត្រូវបានបង្កើតឡើងដើម្បីស្វែងរក ដំណោះស្រាយសន្តិភាពសម្រាប់ប្រទេសស៉ីរី។ បើតាមលោក ប៉េស្កូវ កំលុងទស្សនកិច្ចនោះ លោក ពូទីន ក៏នឹងមានជំនួបដាច់ដោយឡែក ជាមួយលោក អឺដូហ្កាន់ ផងដែរ ប៉ុន្តែមិនច្បាស់ថា លោក ពូទីន នឹងមានជំនួបទ្វេភាគីជាមួយលោក រៃស៉ី ដែរឬអត់។

ច្រើនឆ្នាំកន្លងមកនេះ រុស្ស៉ីនិងអ៉ីរ៉ង់បានដើរតួនាទីជា ខ្នងបង្អែកយោធានិងនយោបាយដ៏សំខាន់ របស់ប្រធានាធិបតីស៉ីរី លោក បាស្សារ អាល់ អាស្សាដ ខណៈតួកគីបានផ្តល់ការគាំទ្រផ្នែកយោធាដល់ក្រុមសកម្មប្រយុទ្ធស៉ីរី FSA ព្រមទាំងក្រុមឧទ្ទាមដទៃទៀត ដែលកំពុងនៅបន្តប្រយុទ្ធតស៊ូជាមួយ កងកម្លាំងរបស់លោក អាស្សាដ រហូតមកទល់ពេលនេះ នៅឯភាគពាយព្យស៉ីរី។

គួរបញ្ជាក់ថា វានឹងជាដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកទី២ របស់លោក ពូទីន គិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក គឺបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ទៅកាន់តំបន់អាស៉ីកណ្តាល កាលពីចុងខែមិថុនា៕