(ប៉េកាំង)៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកនឹងធ្វើទស្សនកិច្ចនៅអ៊ីស្រាអែល ត្រើយខាងលិចទន្លេហ៊្សកដង់នៃប៉ាឡេស្ទីន និងអារ៉ាប៊ីសាអូឌីតក្នុងសប្តាហ៍នេះ នេះជាលើទីមួយដែលលោកធ្វើទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា តាំងពីបានឡើងកាន់មុខតំណែងមក។

កាលពីថ្ងៃទី ៩ ខែកក្កថា តាមម៉ោងក្នុងតំបន់ លោក ចូ បៃដិន បាននិពន្ធអត្ថបទលើកាសែត «The Washington Post» នៃអាមេរិកដោយអះអាងថា ដំណើរទស្សនកិច្ចលើកនេះគឺ «មានសារសំខាន់ណាស់» ចំពោះសន្តិសុខជាតិអាមេរិក ព្រមពេលជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា «អាមេរិកនឹងយកជ័យជម្នះ ក្នុងការប្រកួតប្រជែងជាមួយប្រទេសចិន»។

ទោះបីជាលោក ចូ បៃដិន ខិតខំប្រើ «ពាក្យដ៏អស្ចារ្យ» ដើម្បីវេចខ្ចប់នូវចេតនារបស់ខ្លួន ក្នុងការធ្វើទស្សនកិច្ចនៅ តំបន់មជ្ឈិមបូព៌ាក៏ដោយ ក៏ប៉ុន្តែប្រព័ន្ធសារព័ត៌មានអាមេរិក CNN បាននិយាយត្រង់ៗថា ពាក្យសំដីណាមួយសុទ្ធតែ មិនអាចបិទបាំងការពិតដែលថា បើសិនជាទីផ្សារប្រេងកាតសកលគ្មានភាពច្របូកច្របល់ ដែលបណ្តាលមកពីការប៉ះទង្គិច រវាងរុស្ស៊ីនិងអ៊ុយក្រែន នោះ ប្រធានាធិបតីអាមេរិកប្រហែល នឹងមិនធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ាទាល់តែសោះ។

ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន លើកនេះបានធ្វើឡើងក្នុងគោលបំណងសំខាន់ គឺបង្កើនបរិមាណផលិតផលប្រេងកាត របស់អារ៉ាប៊ីសាអូឌីត និងការកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរ ចុះហេតុអ្វីបានជាប៉ុនប៉ង់យករឿងនេះ ទៅលាយឡំជាមួយប្រទេសចិនដែរ? នៅពីក្រោយរឿងនេះ បានបង្កប់នូវការគិតពិចារណាជាច្រើន។

សូមបញ្ជាក់ថា និយាយចំពោះនយោបាយក្នុងស្រុករបស់អាមេរិក បច្ចុប្បន្ននេះ គោលនយោបាយក្រុងវ៉ាស៊ីនតោន ទំនងជាកំពុងធ្លាក់ក្នុងរង្វង់នយោបាយដ៏ចម្លែក ដែល «ប្រឆាំងចិនដើម្បីគោលនយោបាយប្រឆាំងចិន» ពោលគឺ បានចាត់ទុកការប្រឆាំងចិនជា «គោលនយោបាយត្រឹមត្រូវបំផុត»។ ដូចប្រសាសន៍របស់លោក ចូ បៃដិន ដែលបានលើកឡើងក្នុងអត្ថបទនោះថា ដើម្បីធ្វើការបដិបក្ខគ្នាជាមួយរុស្ស៊ី និងធានាជាក់លាក់ឱ្យអាមេរិកយកជ័យជម្នះ ក្នុងការប្រកួតប្រជែងជាមួយប្រទេសចិន «យើងចាំបាច់ត្រូវធ្វើការប្រាស្រ័យទាក់ទងដោយផ្ទាល់ ជាមួយប្រទេសដែលអាចជះឥទ្ធិពល ចំពោះលទ្ធផលទាំងនេះ»។ ប្រការនេះបានបង្ហាញឱ្យឃើញថា អាមេរិកប៉ុនប៉ងចាត់ទុកមជ្ឈិមបូព៌ាជាឆាកសម្តែងល្ខោន ដើម្បីធ្វើការប្រកួតប្រជែងយុទ្ធសាស្រ្តជាមួយចិននិងរុស្ស៊ី។

ព្រមពេលជាមួយគ្នានេះ ក្នុងនាមជាមជ្ឈមណ្ឌលនៃកិច្ចកសាង «ខ្សែក្រវាត់និងផ្លូវ» តំបន់មជ្ឈិមបូព៌ាទទួលបានសមិទ្ធផលថ្មីៗ ជាបន្តបន្ទាប់ក្នុងការធ្វើកិច្ចសហប្រតិបតិ្តការជាមួយចិន។ សូមយកអារ៉ាប៊ីសាអូឌីតធ្វើជាឧទាហរណ៍ តាមទិន្នន័យស្ថិតិបានបង្ហាញថា ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកគ្រាន់តែកើនឡើង ក្នុងកម្រិតតិចតួចប៉ុណ្ណោះ ពោលគឺ ពី ២០,៥ពាន់លានដុល្លារអាមេរិក ឡើងដល់ ២៤,៨ពាន់លានដុល្លារអាមេរិក ដោយឡែកក្នុងពេលដំណាលគ្នា ទំហំពាណិជ្ជកម្មរវាងអារ៉ាប៊ីសាអូឌីតនិងចិន បានកើនឡើងពី ៣ពាន់លានដុល្លារអាមេរិកដល់ ៦៧ពាន់លានដុល្លារអាមេរិក។
ការតភ្ជាប់ដោយស៊ីសង្វាក់គ្នារវាងគំនិតផ្តួចផ្តើមស្តីពី «ខ្សែក្រវាត់និងផ្លូវ» និង «ទស្សនាទានឆ្នាំ២០៣០» របស់អារ៉ាប៊ីសាអូឌីតកំពុងនាំមកនូវឱកាសថ្មី ដល់ការអភិវឌ្ឍរបស់អារ៉ាប៊ីសាអូឌីត។ ប្រការនេះធ្វើឱ្យអ្នកនយោបាយអាមេរិកមួយចំនួន ដែលប្រកាន់ទស្សនផលបូកសូន្យ មានការច្រណែននិងការស្អប់ខ្ពើម ពួកគេក៏កាន់តែព្រួយបារម្ភថា កម្លាំងឥទ្ធិពលរបស់ខ្លួននៅ តំបន់មជ្ឈិមបូព៌ានឹងរងការវាយប្រហារ។

យ៉ាងណាមិញ មិនថានិយាយបញ្ចុះបញ្ចូលអារ៉ាប៊ីសាអូឌីត ឱ្យបង្កើនបរិមាណផលិតផលប្រេងកាត បន្ធូរបន្ថយទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ឬមួយក៏ប៉ុនប៉ងចង់អូសទាញប្រទេសមជ្ឈិមបូព៌ា ឱ្យបង្កើតក្រុមតូចប្រឆាំងប្រទេសចិនក៏ដោយ ក៏គោលដៅរបស់លោក ចូ បៃដិន ក្នុងដំណើរទស្សនកិច្ចលើកនេះ សុទ្ធតែនឹងមិនអាចសម្រេចបានដោយងាយៗនោះទេ។ ពីព្រោះថា គ្មានប្រទេសណាមួយមានឆន្ទៈ បោះបង់ចោលផលប្រយោជន៍របស់ខ្លួន ដើម្បីអនុត្តរភាពបែបអាមេរិក ហើយបានក្លាយជាកូនអុកសម្រាប់ឡូហ្ស៊ីក ចោរប្លន់របស់អាមេរិកដែលថា បើសិនជាត្រូវការ ក៏យកមកប្រើប្រាស់ បើមិនត្រូវការ ក៏លះបង់ចោល។ ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន នៅតំបន់មជ្ឈិមបូព៌ានឹងបញ្ជាក់ម្តងទៀតថា៖ ពេលវេលាដែលសហរដ្ឋអាមេរិក ធ្វើអ្វីតាមតែទំនើងចិត្ត មិនអាចត្រឡប់មកវិញនោះឡើយ៕

វិទ្យុមិត្តភាពកម្ពុជាចិន