(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបង្ហាញជាសាធារណៈ នូវរូបភាពដំបូងបង្អស់ ដែលថតដោយកែវយឺតអវកាសជំនាន់ថ្មីបំផុត ឈ្មោះថា James Webb។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២។

ទីភ្នាក់ងារអវកាស NASA បានអះអាងថា វាគឺជារូបភាពនៃកាឡាក់ស៉ីរាប់ពាន់ នៅក្នុងកញ្ចុំកាឡាក់ស៉ីមានឈ្មោះសម្គាល់ថា SMACS 0723 ដែលស្ថិតនៅចម្ងាយ៤.៦ពាន់លានឆ្នាំពន្លឺ ពីប្រព័ន្ធព្រះអាទិត្យរបស់យើង។ NASA បានបន្ថែមថា វាជារូបភាពចក្រវាឡស្ថិតនៅសែនឆ្ងាយ ដែលថតបានជ្រៅនិងច្បាស់បំផុត គិតមកទល់សព្វថ្ងៃនេះ។ ក្រៅពីរូបភាពមួយដំបូងខាងលើ NASA នឹងបញ្ចេញរូបភាពដទៃទៀត ដែលបានមកពីកែវយឺតអវកាស James Webb នៅក្នុងសប្តាហ៍នេះ។

គួរបញ្ចាក់ថា James Webb ត្រូវបានបាញ់បង្ហោះចេញពីផែនដី កាលពីខែធ្នូ ឆ្នាំ២០២១។ វាត្រូវបានអភិវឌ្ឍដោយ NASA រួមជាមួយទីភ្នាក់ងារអវកាសកាណាដា និងទីភ្នាក់ងារអវកាសអឺរ៉ុប ដើម្បីជំនួសកែវយឺតអវកាសជំនាន់មុន ឈ្មោះថា Hubble ដែលត្រូវបានបញ្ជូនឡើងទីអវកាស តាំងតែពីឆ្នាំ១៩៩០មកម្ល៉េះ។ NASA បានហៅ James Webb ថាជា កែវយឺតអវកាសដ៏ធំ និងមានអានុភាពបំផុតរបស់ពិភពលោក៕