(កូឡុំបូ)៖ ក្រុមមន្រ្តីអន្តោប្រវេសន៍ស្រីលង្កា បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ពួកគេបានរារាំងប្អូនប្រុសប្រធានាធិបតីស្រីលង្កា និងជាអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុគឺលោក បាស៉ីល រ៉ាចាប៉ាក់សា (Basil Rajapaksa) មិនឱ្យឡើងយន្តហោះ ដើម្បីចាកចេញទៅក្រៅប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២។

យ៉ាងណាមិញ មិនមានការបញ្ជាក់ឱ្យច្បាស់ឡើយថា លោក Rajapaksa ដែលមានសញ្ជាតិអាមេរិកផងដែរនោះ បានព្យាយាមធ្វើដំណើរទៅកាន់ទីណា។ រូបលោកបានលាលែងពីតំណែងរដ្ឋមន្រ្តីហិរញ្ញវត្ថុ កាលពីដើមខែមេសា ស្របពេលដែលសកម្មភាពតវ៉ា បានផុសផុលឡើងខ្លាំង ប្រឆាំងនឹងបញ្ហាខ្វះប្រេងឥន្ធនៈ, ស្បៀងអាហារ, ឱសថ និងទំនិញចាំបាច់ដទៃទៀត ហើយក្រោយមកលោក ក៏បានលាលែងពីសមាជិកសភា កាលពីខែមិថុនា។

រីឯបងប្រុសរបស់លោក គឺលោក ហ្កោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) វិញ គឺនឹងលាលែងពីតំណែងប្រធានាធិបតី នៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីបើកផ្លូវឱ្យមានការបង្កើតរដ្ឋាភិបាលរួបរួមថ្មីមួយ បន្ទាប់ពីក្រុមបាតុកររាប់ពាន់នាក់ បានសម្រុកចូលលុកលុយវិមានប្រធានាធិបតី កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ហើយទាមទារឱ្យលោកចុះចេញពីតំណែង។ លោក Gotabaya Rajapaksa បានបាត់មុខពីទីសាធារណៈ ចាប់តាំងពីថ្ងៃសុក្រមក ហើយមកទល់ពេលនេះ ក៏មិនការបញ្ជាក់ថា រូបលោកស្ថិតនៅទីណានោះដែរ។

គួរបញ្ជាក់ថា គ្រួសារត្រកូល Rajapaksa ដែលរួមមានទាំងអតីតនាយករដ្ឋមន្រ្តី លោក ម៉ាហ៉ីនដា រ៉ាចាប៉ាក់សា (Mahinda Rajapaksa) បានគ្រប់គ្រងនយោបាយនៅក្នុងប្រទេស ដែលមានប្រជាជន២២លាននាក់នេះ អស់រយៈពេលជាច្រើនឆ្នាំ ហើយប្រជាជនស្រីលង្កា បានបន្ទោសគ្រួសារនេះ សម្រាប់វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដែលប្រទេសកំពុងប្រឈមសព្វថ្ងៃ៕