(ប៉ារីស)៖ នាយករដ្ឋមន្រ្តីបារាំង លោកស្រី អ៉ីលីសាប៊ែត ប៊នស៍ (Elisabeth Borne) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានរួចផុតការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅក្នុងសភា ដែលជំរុញដោយសម្ព័ន្ធភាពរបស់ក្រុមឆ្វេងនិយម ដែលជាគូប្រជែង។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២។

ការរាប់សន្លឹកឆ្នោតជាផ្លូវការបានបង្ហាញថា សមាជិកសភាចំនួន ១៤៦រូប បានបោះឆ្នោតគាំទ្រដើម្បីដកសេចក្តីទុកចិត្តពីលោកស្រី ប៉ុន្តែសភាត្រូវការសំលេងភាគច្រើនដាច់ខាតចំនួនដល់ទៅ ២៨៩សំឡេង ដើម្បីរំលាយរដ្ឋាភិបាលរបស់លោកស្រីបាន។ លោកស្រី ប៊នស៍ បានថ្លែងប្រាប់សភាមុនការបោះឆ្នោតថា «យើងគួរតែជជែកគ្នាអំពីបញ្ហាផ្សេងៗ ដែលប្រជាជនបារាំងកំពុងជួបប្រទះ ខណៈការបោះឆ្នោតដកសេចក្តីទុកចិត្តនេះ គឺជារឿងដ៏អយុត្តិធម៌»។ លោកស្រី ប៊នស៍ បានបន្ថែមថា «ការបោះឆ្នោតនេះ គឺគ្រាន់ជាតាក់ទិចនយោបាយមួយប៉ុណ្ណោះ... ចូរយើងទាំងអស់ផ្លាស់ទៅរកវប្បធម៌នៃការសម្របសម្រួលគ្នាវិញ»

គួរបញ្ជាក់ថា ការបោះឆ្នោតដកសេចក្តីទុកចិត្តនេះ ត្រូវបានគេរំពឹងទុកជាមុនរួចហើយថា នឹងទទួលបរាជ័យ បន្ទាប់ពីក្រុមសមាជិកសភាពីគណបក្សអភិរក្សនិយម និងគណបក្សស្តាំនិយមរបស់លោកស្រី ឡឺ ប៉ែន (Le Pen) បាននិយាយថា ពួកគេនឹងធ្វើអនុបវាទ។ យ៉ាងណាមិញ នាពេលនេះ សភាបារាំងនឹងងាកទៅផ្តោតលើកិច្ចពិភាក្សាអំពីកញ្ចប់ថវិកាទំហំ២ពាន់លានអឺរ៉ូ (២០.១៣ពាន់លានដុល្លារ) ដែលសំដៅស្រាយបញ្ហាអតិផរណា ដែលស្នើឡើងដោយរដ្ឋាភិបាលកាលពីសប្តាហ៍មុន៕