(ហ្សាការតា)៖ ថ្លែងនៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៉ី កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បាននិយាយថា គោលការណ៍ចិនតែមួយ គឺជាយុថ្កាដែលបានផ្តល់ស្ថិរភាព ដល់តំបន់ច្រកសមុទ្រតៃវ៉ាន់ រហូតមកទល់សព្វថ្ងៃនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២។

បើតាមលោក វ៉ាង យី ភស្តុតាងប្រវត្តិសាស្រ្តបានបង្ហាញឱ្យឃើញជាដដែលៗថា នៅពេលគោលការណ៍ចិនតែមួយ ត្រូវបានទទួលស្គាល់ពេញលេញ ហើយត្រូវបានគោរពតាមយ៉ាងខ្ជាប់ខ្ជួននោះ តំបន់ច្រកសមុទ្រតៃវ៉ាន់ នឹងនៅតែបន្តទទួលបានភាពស្ងប់សុខ និងហើយភាគីទាំងសងខាង នឹងអភិវឌ្ឍខ្លួនទៅមុខដោយសន្តិភាព។

ទន្ទឹមគ្នា លោកប្រមុខការទូតចិនបានសង្កត់ធ្ងន់ដូច្នេះថា «ផ្ទុយទៅវិញ ប្រសិនបើគោលការណ៍ចិនតែមួយ មានភាពរង្គោះរង្គើ ឬមួយក៏ត្រូវបានបំផ្លិចបំផ្លាញ តែម្តងនោះ ដុំពពកខ្មៅឬព្យុះកំណាចតែម្តង ច្បាស់ជានឹងលេចឡើង នៅលើតំបន់ច្រកសមុទ្រតៃវ៉ាន់ មិនខានឡើយ»

លោក វ៉ាង យី បានបន្តថា ភាពតានតឹងបច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់ គឺមានដើមហេតុមកពី ការដែលអាជ្ញាធរតៃវ៉ាន់បានបោះបង់ចោលផ្លូវត្រឹមត្រូវ ហើយបន្តដើរលើផ្លូវខុសកាន់តែជ្រៅទៅៗ គឺតាមរយៈការព្យាយាមចង់បានឯករាជ្យ ដោយមានជំនួយពីបរទេស។ លោក វ៉ាង ក៏បានចង្អុលទៅ សហរដ្ឋអាមេរិកផងដែរ ដែលបាននិងកំពុងលាបពណ៌ និងបន្ទាបតម្លៃរបស់គោលការណ៍ចិនតែមួយ ហើយប្រើប្រាស់ «សន្លឹកបៀតៃវ៉ាន់» ដើម្បីរាំងខ្ទប់ដំណើរការអភិវឌ្ឍរបស់ប្រទេសចិន។

ជាចុងក្រោយលោករដ្ឋមន្រ្តីការបរទេសចិន បានគូសបញ្ជាក់ថា ការពិតជាក់ស្តែង គឺត្រើយទាំងសងខាងនៅច្រកសមុទ្រតៃវ៉ាន់ សុទ្ធតែជាកម្មសិទ្ធិរបស់ប្រទេសចិនដូចគ្នានិងតែមួយគត់ ហើយតៃវ៉ាន់គឺជាផ្នែកមួយនៃដែនដីរបស់ចិន៕