(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា អ៊ុយក្រែនបានកោះហៅឯកអគ្គរដ្ឋទូតកាណាដា ជុំវិញ ការសម្រេចចិត្តរបស់ទីក្រុងអូតាវ៉ា ក្នុងការបញ្ជូនម៉ាស៉ីនទួរប៊ីនឧស្ម័ន ត្រឡប់ទៅអាល្លឺម៉ង់វិញ សម្រាប់ការថែទាំបំពង់បង្ហូរឧស្ម័ន ណ័រ ស្រ្ទីម វ័នស៍ (Nord Stream 1) ដែលនេះត្រូវបានទីក្រុងកៀវ ចោទថាជាទង្វើបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២។

លោក ហ្សេលេនស្គី បានសរសេរនៅលើបណ្តាញតេឡាក្រាមរបស់លោក យ៉ាងដូច្នេះថា «ក្រសួងការបរទេស បានកោះហៅបេសកជនរបស់ប្រទេសកាណាដា ដោយសារតែ ការអនុគ្រោះដែលមិនអាចទទួលយកបាន ជុំវិញការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី»

តែទោះជាបែបនេះក្ដី មន្ត្រីជាន់ខ្ពស់អឺរ៉ុបបាននិយាយថាការបញ្ជូនម៉ាស៉ីនទួរប៊ីនឧស្ម័ន ត្រឡប់ទៅអាល្លឺម៉ង់វិញពីសំណាក់កាណាដា មិនបានបំពានលើទណ្ឌកម្ម របស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៉ីនោះទេ។ ការចោទប្រកាន់ខាងលើរបស់លោក ហ្សេលេនស្គី កើតមានឡើងនៅចំពេលអ៊ុយក្រែនបានព្រមានថារុស្ស៉ីនឹងបង្កើន ការវាយលុកលើតំបន់ដុនបាស់ឆាប់ៗនេះ ខណៈបណ្ដាប្រទេសអឺរ៉ុបកំពុងត្រៀមលក្ខណៈប្រឈមមុខនឹងការផ្ដាច់ឧស្ម័នទាំងស្រុងពីរុស្ស៉ី ដោយប្រការណាមួយ៕