(ហុងកុង)៖ ហុងកុងនឹងអាប់ដេតកម្មវិធី App មួយ ដែលវាប្រើសម្រាប់ការតាមដានជំងឺកូវីដ១៩ ដើម្បីនាំវាឱ្យកាន់តែស៊ីសង្វាក់គ្នាជាមួយចិនដីគោក ដោយតម្រូវឱ្យមនុស្សចុះឈ្មោះ និងដោយប្រើប្រាស់លេខកូដពណ៌ភ្លើងចរាចរណ៍ ដើម្បីកំណត់ចលនាប្រជាពលរដ្ឋដែលឆ្លងរោគ និងអ្នកដែលមានទំនាក់ទំនងជិតស្និតជាមួយអ្នកជំងឺ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែកក្ដដា ឆ្នាំ២០២២។

ពីមុន អ្នកប្រើប្រាស់មិនតម្រូវឱ្យចុះឈ្មោះជាមួយព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់ពួកគេទេ ហើយកម្មវិធីនេះត្រូវបានប្រើដើម្បីចូលកន្លែងណាមួយ និងបង្ហាញកំណត់ត្រាចាក់វ៉ាក់សាំង។

ដោយប្រកាសពីការផ្លាស់ប្តូរនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទនេះ លោក Lo Zhong Mao រដ្ឋមន្ត្រីសុខាភិបាលថ្មីរបស់ទីក្រុងបាននិយាយថា លោកសង្ឃឹមថាកម្មវិធីនេះនឹងត្រូវបានអាប់ដេតក្នុងពេលឆាប់ៗនេះ ហើយវានឹងជួយអនុវត្តការបញ្ជាការដាក់ខ្លួនឱ្យនៅដាច់ពីគេ សម្រាប់មនុស្សដែលបះផ្ទាល់ជាមួយអ្នកជំងឺ។

អ្នកដែលឆ្លងជំងឺកូវីដ១៩ នឹងត្រូវបានដាក់កូដពណ៌ក្រហមនៅលើកម្មវិធី ហើយមនុស្សដែលស្ថិតនៅក្រោមការដាក់ឱ្យនៅដាច់ពីគេ នឹងមានលេខកូដពណ៌លឿង ព្រមទាំងត្រូវពាក់ខ្សែដៃតាមដាន។

លោក Lo បាននិយាយទៀតថា ប្រជាពលរដ្ឋដែលមកដល់ហុងកុងពីក្រៅប្រទេស នឹងអាចនៅដាច់ដោយឡែកនៅផ្ទះរបស់ខ្លួនបាន បន្ទាប់ពីបានឆ្លងកាត់ការធ្វើចត្តាឡីស័កក្នុងសណ្ឋាគាតាមពេលកំណត់ក្រោមប្រព័ន្ធនេះ ដោយពុំចាំបាច់ផ្តល់ព័ត៌មានល្អិតបន្ថែមទេ៕