(ឡុងដ៍)៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) នៅថ្ងៃចន្ទនេះ បានប្រកាសចូលរួមក្នុងការប្រកួតប្រជែង ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មី ជំនួសលោក បូរីស ចនសុន (Boris Johnson) ដែលបានប្រកាសលាលែងពីតំណែង កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។

ការប្រកាសចូលរួមរបស់លោកស្រី Truss ធ្វើឱ្យចំនួនបេក្ខជនសរុបនាពេលនេះ កើនដល់១១នាក់។ សមាសភាពដទៃទៀតនៅក្នុងនោះ រួមមាន រដ្ឋមន្រ្តីដឹកជញ្ជូន លោក ហ្ក្រេន សាប (Grant Shapps), រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក ណាឌីម ហ្សាហាវី (Nadhim Zahawi), អតីតរដ្ឋមន្រ្តីការបរទេស លោក ចេរេមី ហាន់ (Jeremy Hunt), អតីតរដ្ឋមន្រ្តីសុខាភិបាល លោក សាជីដ ចាវីដ (Sajid Javid), និង អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក រីស្ស៉ី ស៊ូណាក់ (Rishi Sunak) ជាដើម។

ការប្រកួតប្រជែងខាងលើ គឺជាការជ្រើសរើសរកប្រធានថ្មី សម្រាប់គណបក្សអភិរក្សនិយម (Conservative Party) ដែលកំពុងកាន់អំណាច ហើយអ្នកទទួលជ័យជម្នះ នឹងត្រូវក្លាយជានាយករដ្ឋមន្រ្តីថ្មី របស់ចក្រភពអង់គ្លេស បន្តពីលោក បូរីស ចនសុន។ គណបក្សអភិរក្សនិយម មានគោលដៅជ្រើសរើសឱ្យបានអ្នកជំនួសលោក ចន សុន នៅត្រឹមខែកញ្ញា ខាងមុខ។

គួរបញ្ជាក់ថា លោក ចនសុន ត្រូវបានបង្ខំឱ្យចុះពីអំណាច កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅនេះ ក្រោយរដ្ឋាភិបាលរបស់លោក បានទទួលរងរឿងអាស្រូវធំៗផ្ទួនៗគ្នា។ យ៉ាងណាមិញ លោក ចនសុន កំពុងបន្តកាន់តំណែង នាយករដ្ឋមន្រ្តីជាបណ្តោះអាសន្នសិន រហូតទាល់តែជ្រើសរើសបានអ្នកមកជំនួស៕