(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីអាមេរិក បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កាលពីពេលថ្មីនេះថា អាយុរបស់លោក ប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) កំពុងក្លាយជាបញ្ហាសម្រាប់សេតវិមាន និងបានទទួលស្គាល់ថា កម្លាំងពលាំងរបស់លោក គឺមិនដូចពីមុនទេ ហើយពួកគេត្រូវតាមមើលលោកជាប់ដោយស្ងាត់ៗ។ នេះបើយោងតាមការដកស្រង់ ការផ្សាយចេញពី សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។

ក្រុមមន្រ្តីអាមេរិកខាងលើបានប្រាប់កាសែត ញូយ៉ក ថែមស៍ (New York Times) ឲ្យដឹងថា អាយុរបស់លោកប្រធានាធិបតី កំពុងប៉ះពាល់ដល់ទម្លាប់ការងារជាប្រចាំរបស់លោក ជាពិសេសវាបានជំរុញឲ្យសេតវិមានត្រូវផ្លាស់ប្តូរកាលវិភាគនៃ ការធ្វើដំណើរ របស់លោកទៅក្រៅប្រទេស។ ជាក់ស្តែង ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ របស់លោកទៅកាន់តំបន់មជ្ឈិមបូព៌ានាសប្តាហ៍នេះ គឺដំបូងឡើយត្រូវបានគ្រោងនឹងប្រព្រឹត្តទៅភ្លាមៗ បន្ទាប់ពីដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់លោក កាលពីខែឧសភាតែម្តង។ ក្រុមមន្រ្តីអាមេរិកបានសារភាពថា ពួកគេកំពុងឃ្លាំមើលការធ្វើការងាររបស់លោក ដោយខ្លាចក្រែងមានបញ្ហាណាមួយកើតឡើង។

គួរបញ្ជាក់ថា លោក ចូ បៃដិន ដែលបច្ចុប្បន្នមានវ័យ៧៩ឆ្នាំទៅហើយនោះ គឺជាប្រធានាធិបតីមានវ័យចំណាស់បំផុត របស់សហរដ្ឋអាមេរិក ដ្បិតឥឡូវលោកមានអាយុ១ឆ្នាំលើស អតីតប្រធានាធិបតី លោក រ៉ូណាល់ រីហ្គេន (Ronald Reagan) នៅពេលដែលលោក Reagan បញ្ចប់អាណត្តិទី២របស់លោកទៅទៀត៕