(ប៉េកាំង)៖ ចាប់ពីរដ្ឋាភិបាលអាមេរិកអាណត្តិនេះឡើងកាន់មុខតំណែងមក ភាគីអាមេរិកបានអះអាងជាច្រើនលើកថា នឹងបង្កបង្កើត «របងការពារ» សម្រាប់ឱ្យទំនាក់ទំនងរវាងចិននិងអាមេរិក ប៉ុន្តែ «របងការពារ» ជាស្អី អាមេរិកមិនបាននិយាយឱ្យបានច្បាស់ទេ ហើយក៏គ្មានសិទ្ធិសន្និដានដោយឯកតោភាគីនោះដែរ។ ថ្ងៃទី៩ ខែកក្កដា កិច្ចជំនួបរបស់រដ្ឋមន្ត្រីការបរទេសចិននិងអាមេរិក ធ្វើឱ្យពិភពលោកមើលបានច្បាស់ថា ដើមឡើយ «របងការពារ» របស់ទំនាក់ទំនងរវាងចិននិងអាមេរិក មានវត្តមានជាយូរមកហើយ អាមេរិកគួរតែទទួលភារកិច្ចជាក់ស្តែងដើម្បីពង្រឹង «របងការពារ» នេះ ហើយសម្ដីនិងទង្វើត្រូវឱ្យស្របគ្នា។

ហេតុអ្វីបានជាអាមេរិកបានលើកឡើងជាច្រើនលើកថា នឹងបង្កបង្កើត «របងការពារ»? ប្រការនេះអាចបង្ហាញថា អាមេរិកបានគិតពិចារណាដល់ សារសំខាន់និងភាពបន្ទាន់ នៃការគ្រប់គ្រងការខ្វែងគំនិតរវាងចិននិងអាមេរិក ហើយចង់រក្សាស្ថិរភាពនៃខ្សែក្រហមរបស់ទំនាក់ទំនងរវាងចិននិងអាមេរិក ម្យ៉ាងទៀតអាមេរិកមិនប្រកាន់ឥរិយាបថត្រឹមត្រូវ ចំពោះមូលហេតុពីឬគល់ដែលបណ្តាលឱ្យ ទំនាក់ទំនងរវាងចិននិងអាមេរិកធ្លាក់ក្នុងភាពជាប់គាំង និងមិនបានគិតពិចារណាពីកំហុសរបស់ខ្លួន តែបែរជាប៉ុនប៉ងទម្លាក់កំហុសទៅឱ្យប្រទេសចិន និងលេងឧបាយកលបំភាន់ភ្នែក ដើម្បីទម្លាក់កំហុសរបស់ខ្លួន។

៥០ឆ្នាំកន្លងមក ជានិច្ចកាល ប្រទេសចិនតែងតែធ្វើការខិតខំប្រឹងប្រែងដើម្បីគាំពារ «របងការពារ» នេះ តែអាមេរិកបែរជាជៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ចិនឥតឈប់ឈរ និងអនុវត្តគោលនយោបាយ «ទប់ស្កាត់ចិនដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស» ឃុបឃិតគ្នាបង្កើតជាក្រុមសម័្ពន្ធតូចដើម្បីទប់ស្កាត់ប្រទេសចិន បណ្តាលឱ្យ «របងការពារ» នៃទំនាក់ទំនងរវាងចិននិងអាមេរិក មានភាពបន្ធូរបន្ថយនិងត្រូវបំផ្លិចបំផ្លាញ រហូតដល់លេចចេញនិន្នាការ មានគ្រោះថ្នាក់ពីមួយថ្ងៃទៅមួយថ្ងៃទៀតផង។

នាពេលថ្មីៗកន្លងទៅនេះ ពេលថ្លែងសុន្ទរកថា លោក Blinken បានអះអាងថា នឹង «បង្កបង្កើតបរិវេណយុទ្ធសាស្ត្រ នៅជុំវិញប្រទេសចិន» ឃោសនាបំប៉ោងថាអង្គការណាតូ នឹងលូកដៃចូលតំបន់អាស៊ីប៉ាស៊ីហ្វិក រហូតដល់បានបង្ករឿងឥតឈប់ឈរ ក្នុងបញ្ហាតៃវ៉ាន់និងស៊ីនជាំងជាដើម ក្រុងវ៉ាស៊ីនតោនបាននិងកំពុងដាក់សម្ពាធ ទៅលើប្រទេសចិនថែមមួយកម្រិតទៀត។ នៅពីក្រោយនេះ មានកត្តាជ្រាលជ្រៅពោលគឺអាមេរិក បានល្មើសនឹងគោលបំណងដើម នៅពេលទើបបង្កើតទំនាក់ទំនងរវាងចិននិងអាមេរិក ហើយក៏មានមូលហេតុដែលថា ដើម្បីបណ្តើមបានសន្លឹកឆ្នោត អ្នកនយោបាយអាមេរិកទាំងឡាយ បាននិងកំពុងស្វែងនូវ «ភាពត្រឹមត្រូវខាងនយោបាយ» ពោលគឺនឹងបង្ហាញសាច់ដុំចំពោះប្រទេសចិន។

ក្នុងបរិបទបែបនេះ ភាគីអាមេរិកអះអាងថា នឹងពង្រឹង «របងការពារ» នោះភារកិច្ចជាបន្ទាន់ គឺត្រូវបំពេញពាក្យសន្យា ចំពោះប្រទេសចិន។ ក្នុងកិច្ចជំនួបលើកនេះ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមដ៏លម្អិត ស្តីពីតើអាមេរិកគួរតែធ្វើយ៉ាងណា សម្រាប់អនុវត្តពាក្យសន្យាអំពី «ការមិនស្វែងរក៤ចំណុច និងគ្មានចេតនាមួយចំណុច» ហើយបានវែកញែកថា រឿងអីជារឿងដែលអាមេរិកគួរតែធ្វើ និងរឿងអីជារឿងដែលអាមេរិកមិនត្រូវធ្វើ។

ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏បានលើកឡើងបញ្ជី៤ច្បាប់ជូនចំពោះអាមេរិក គឺ៖ បញ្ជីគោលនយោបាយនិងពាក្យសំដី ចំពោះប្រទេសចិនដែលអាមេរិកគួរតែកែតម្រូវ បញ្ជីសំណុំរឿងដ៏សំខាន់ដែលប្រទេសចិនយកចិត្តទុកដាក់ បញ្ជីសេចក្ដីព្រាងច្បាប់ពាក់ព័ន្ធនឹងចិន ដែលប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ និងបញ្ជីកិច្ចសហប្រតិបតិ្តការ ៨វិស័យរវាងចិននិងអាមេរិក ។

បើចង់អភិវឌ្ឍទំនាក់ទំនងដ៏វិជ្ជមានជាមួយប្រទេសចិន នោះអាមេរិកមិនត្រូវនិយាយផ្សេងធ្វើផ្សឹងជាដាច់ខាត។ ប្រវតិ្តសាស្ត្របានបញ្ជាក់រួចហើយ មានតែប្រកាន់ខ្ជាប់ក្រមមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ទើបអាចបង្កបង្កើត «របងការពារ» សម្រាប់ទំនាក់ទំនងរវាងចិន និងអាមេរិកដ៏ពិតប្រាកដ៕

វិទ្យុមិត្តភាពកម្ពុជាចិន