(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានបញ្ឈប់តួនាទី ឯកអគ្គរដ្ឋទូតរបស់ទីក្រុងកៀវ ប្រចាំនៅប្រទេសចំនួន៥ ខណៈហេតុផលនៅពីក្រោយ ការសម្រេចចិត្តយ៉ាងដូច្នេះរបស់លោក គឺមិនត្រូវបានបញ្ជាក់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២។

ដំណឹងខាងលើត្រូវបានប្រកាសជាផ្លូវការ នៅលើវែបសាយរបស់ប្រធានាធិបតីអ៊ុយក្រែន។ ក្នុងក្រឹត្យមួយដែលមិនបានផ្តល់ការបកស្រាយ នូវហេតុផលអំពីការសម្រេចចិត្តឡើយនោះ លោក ហ្សេលេនស្គី បានប្រកាសពីការបញ្ឈប់តួនាទី ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអាល្លឺម៉ង់ ឆែក ឥណ្ឌា ន័រវែស និងហុងគ្រី។

គួរបញ្ជាក់ថា ភ្លាមៗបែបនេះ គេពុំទាន់អាចដឹងឱ្យច្បាស់នៅឡើយទេ ថាតើក្រុមឯកអគ្គរដ្ឋទូតអ៊ុយក្រែនទាំងនោះ នឹងត្រូវទទួលបានតួនាទីថ្មី ឬមួយក៏យ៉ាងណា។ កន្លងមកនេះ លោក ហ្សេលេនស្គី ត្រូវគេកត់សម្គាល់ឃើញថា បានខំប្រឹងប្រែងទទូចឱ្យក្រុមមន្រ្តីទូតរបស់លោក ព្យាយាមជំរុញឱ្យមានការជ្រោមជ្រែង និងជំនួយផ្នែកយោធាពីអន្តរជាតិ កាន់តែខ្លាំងថែមទៀត ខណៈអ៊ុយក្រែនកំពុងបន្តប្រយុទ្ធតទល់នឹង ការឈ្លានពានរបស់រុស្ស៉ី ដែលបានអូសបន្លាយជាច្រើនខែមកហើយ៕