(កូឡុំបូ)៖ ប្រធានសភាប្រទេសស្រីលង្កា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានឱ្យដឹងថា ទីបំផុតប្រធានាធិបតី លោក ហ្កោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) បានយល់ព្រមចុះចេញពីអំណាចហើយ ក្រោយសកម្មភាពតវ៉ាដ៏កក្រើក ដោយក្រុមបាតុករបាននាំគ្នាចូលលុកលុយ វិមានប្រធានាធិបតី ហើយថែមទាំងបានដុតបំផ្លាញគេហដ្ឋានរបស់នាយករដ្ឋមន្រ្តី នៅក្នុងរដ្ឋធានីកូឡុំបូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២។

យោងតាមសម្តីរបស់លោក ម៉ាហ៉ីនដា យ៉ាប៉ា អាបេវ៉ាដេណា (Mahinda Yapa Abeywardena) ប្រធានសភាស្រីលង្កា គឺលោក Gotabaya Rajapaksa បានប្រាប់ថា លោកនឹងចុះចេញពីតំណែងជាប្រធានាធិបតី នៅថ្ងៃពុធសប្តាហ៍ក្រោយនេះ ហើយលោកក៏អំពាវនាវឱ្យប្រជាជនគោរពច្បាប់ និងរក្សាសន្តិភាពផងដែរ។ នៅថ្ងៃសៅរ៍ដដែល នាយករដ្ឋមន្រ្តីស្រីលង្កា លោក រ៉ានីល វីគរ៉េម៉េស៉ីងហ្កេ (Ranil Wickremesinghe) ក៏បានប្រកាសថា លោកនឹងចុះចេញពីតំណែងដូចគ្នា។

ដោយឡែក ពេលដែលវិមានប្រធានាធិបតី ត្រូវបានក្រុមបាតុករសម្រុកចូលលុកលុយ ហើយគេហដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី បានរងការដុតបំផ្លាញ ក្នុងហេតុការណ៍កាលពីថ្ងៃសៅរ៍នោះ គឺលោក Rajapaksa និង Wickremesinghe មិនមានវត្តមាននៅទីនោះឡើយ ដោយមេដឹកនាំទាំងពីរ បានជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព រួចជាមុនទៅហើយ។

គួរបញ្ជាក់ថា បាតុកម្មប្រឆាំងរដ្ឋាភិបាល បានកើតមានឡើងជាច្រើនខែមកហើយនៅស្រីលង្កា ដោយសារតែវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ដែលបានមើលឃើញ ប្រទេសដីកោះមានប្រជាជន២២លាននាក់នេះ ទទួលរងគ្រោះនូវបញ្ហាអតិផរណាកម្រិតខ្ពស់ខ្លាំង ហើយមិនមានសមត្ថភាព ក្នុងការនាំចូលទំនិញមូលដ្ឋាន ដូចជា ស្បៀងអាហារ ប្រេងឥន្ធនៈ និងឱសថជាដើម៕