(តូក្យូ)៖ បុរសដែលបានសម្លាប់លោក អាបេ ស៉ីនហ្សូ (Shinzo Abe) ដែលជឿថាអតីតមេដឹកនាំជប៉ុនមានទំនាក់ទំនងជាមួយក្រុមសាសនាមួយនោះ បានស្តីបន្ទោសចំពោះការបំផ្លិចបំផ្លាញហិរញ្ញវត្ថុរបស់ម្តាយខ្លួន ហើយបានចំណាយពេលជាច្រើនខែរៀបចំផែនការវាយប្រហារដោយកាំភ្លើងផលិតនៅផ្ទះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២២។

ទីក្រុងក្យូដូ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀត បានដកស្រង់សម្តីរបស់ជនសង្ស័យដែលសារភាពប្រាប់ប៉ូលីសថា «ម្តាយរបស់ខ្ញុំត្រូវបានរ៉ំព័ទ្ធហិរញ្ញវត្ថុ ដោយក្រុមសាសនាមួយ ហើយវាជារឿងដែលធ្វើឲ្យខ្ញុំអាក់អន់ចិត្ត»។ ប៉ូលីសទីក្រុងណារ៉ា (Nara) បានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មានលម្អិតអំពីហេតុផលឬការរៀបចំរបស់ ជនសង្ស័យ Yamagami ឡើយ។ រីឯ ប្រព័ន្ធ ផ្សព្វផ្សាយ ក៏មិន បាន បញ្ចេញ ឈ្មោះ ក្រុម សាសនា ដែល ជនសង្ស័យបានលើកឡើងខាងលើនេះដែរ។

គួរបញ្ជាក់ថា អ្នកជិតខាងបានប្រាប់រ៉យទ័រថា ជនសង្ស័យ Yamagami គឺជាមនុស្សឯកោដែលមិនឆ្លើយតបនៅពេលពួកគេនិយាយជាមួយ។ ទីភ្នាក់ងារសារព័ត៌មានក្យូដូបានឲ្យដឹងថា ជនសង្ស័យជឿថា លោក អាបេ បានផ្សព្វផ្សាយក្រុមសាសនាដែលធ្វើឲ្យម្តាយរបស់គេក្ស័យធន ដោយសារតែការបរិច្ចាគទៅឱ្យក្រុមសាសនានេះ៕