(ហ្សាការតា)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្ល៊ីនខិន (Antony Blinken) បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃសៅរ៍នេះ នៅក្នុងជំនួបទល់មុខជាលើកដំបូងបំផុត ចាប់តាំងពីខែតុលា ឆ្នាំ២០២១មក ក្រោយប្រមុខការទូតទាំង២ ចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២២។

បើតាមក្រុមមន្ត្រីអាមេរិក ជំនួបរវាងលោក ប្ល៊ីនខិន និងលោក វ៉ាង យី ធ្វើឡើងនៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី ក្នុងគោលបំណងបន្ធូរបន្ថយកម្ដៅ នៃភាពតានតឹងទំនាក់ទំនងរវាងប្រទេសទាំង២ និងបញ្ចៀសរាល់ការយល់ច្រឡំទាំងឡាយដែលអាចបង្កជាជម្លោះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក វ៉ាង យី បានបញ្ជាក់ដូច្នេះថា «ចិន និងសហរដ្ឋអាមេរិកគឺជាមហាអំណាចធំទាំង២ ដូច្នេះវាចាំបាច់ណាស់សម្រាប់ប្រទេសទាំង២ ក្នុងការរក្សាទំនាក់ទំនងជាប្រក្រតី»

ដោយឡែក លោក ប្ល៊ីនខិន ក៏បានបញ្ជាក់ដែរថាសហរដ្ឋអាមេរិកកំពុងសម្លឹងមើលកិច្ចសន្ទនាប្រកបដោយលទ្ធផលផ្លែផ្កា និងលក្ខណៈស្ថាបនាជាមួយចិន ខណៈ រូបលោកត្រូវបានគេរំពឹងថានឹងព្រមានចិន កុំឱ្យផ្ដល់ជំនួយ ឬគាំទ្ររុស្ស៉ីនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ក្រៅពីសំណុំរឿងសង្រ្គាមអ៊ុយក្រែន លោក ប្ល៊ីខិន និងលោក វ៉ាង យី ក៏ត្រូវបានគេរំពឹងដែរថានឹងពិភាក្សាគ្នាលើបញ្ហាជាច្រើនទៀត រួមមានតៃវ៉ាន់ សមុទ្រចិនខាងត្បូង សិទ្ធិមនុស្ស បញ្ហាដំឡើងពន្ធ និងការពង្រីកឥទ្ធិពលចិនក្នុងតំបន់ប៉ាស៊ីហ្វិកជាដើម៕