(កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានភៀសខ្លួនចេញពីគេហដ្ឋានរបស់លោកក្នុងរដ្ឋធានី កូឡុំបូ មុននឹងទូរទស្សន៍នៅក្នុងស្រុកជាច្រើនរាយការណ៍ពីក្រុមបាតុកររាប់ពាន់នាក់ធ្វើបាតុកម្មតវ៉ាទាមទារឱ្យលោកចុះចេញពីតំណែង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន AFP ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីយោធាជាន់ខ្ពស់ស្រីលង្កាម្នាក់។ មន្ត្រីរូបនេះដដែល បានប្រាប់ AFP ដូច្នេះថា «លោកប្រធានាធិបតីត្រូវបានជម្លៀសចេញពីគេហដ្ឋានដោយសុវត្ថិភាព ហើយកងទ័ពបានបាញ់ព្រមានទៅលើអាកាសដើម្បីរារាំង ក្រុមបាតុករដែលកំពុងខឹងសម្បារ និងព្យាយាមសម្រុកចូលគេហដ្ឋានរបស់លោក»។ ប៉ុន្តែមន្ត្រីរូបនេះមិនបានបញ្ជាក់ថាតើលោក Gotabaya កំពុងស្ថិតនៅ ទីណានោះទេ។

គួរបញ្ជាក់ថា ក្រុមបាតុករ បានប្រមូលផ្ដុំធ្វើការតវ៉ាជាថ្មីនៅថ្ងៃសៅរ៍នេះក្នុងរដ្ឋធានីកូឡុំបូ ដោយបានបំបែករារាំងការពាររបស់ប៉ូលិស និងព្យាយាមសម្រុកចូល ក្នុងគេហដ្ឋានរបស់លោកប្រធានាធិបតី Gotabaya Rajapaksa នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានដែលកំពុងធ្វើឱ្យប្រជាជនស្រីលង្កា ប្រឈមមុខនឹងការខ្វះខាតទាំងថាមពលអគ្គសនី ចំណីអាហារ ថ្នាំពេទ្យ និងប្រេងឥន្ធនៈជាដើម៕