(ទីក្រុងប្រ៊ុចសែល)៖ យោងតាមការចេញផ្សាយរបស់សារពត៌មាន REUTERS នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា សហភាពអឺរ៉ុបគ្រោងក្លាយជាអ្នកវិនិយោគធំជាងគេទៅលើគម្រោងសាងសង់វារីអគ្គិសនីដែលមានកម្ពស់ខ្ពស់ជាងគេរហូតដល់ ៣៣៥ម៉ែត្រ នៅលើពិភពលោក ក្នុងប្រទេសតាជីគីស្ថាន។

មន្ត្រីសហភាពអឺរ៉ុបបានថ្លែងប្រាប់សារពត៌មាន REUTERS ថាគម្រោងសាងសង់វារីអគ្គិសនីដែលមានឈ្មោះថា Rogun ដែលមានអនុភាពសរុប ៣៦០០មេហ្កាវ៉ាត់ និងជួយឲ្យប្រទេសក្នុងតំបន់អាស៊ីកណ្តាល មានឯករាជភាពក្នុងការផ្គត់ផ្គង់អគ្គិសនីដោយខ្លួនឯង ដោយនឹងមិនពឹងផ្អែកលើការនាំចូល ថាមពលអគ្គិសនីពីប្រទេសរុស្សី ក៏ដូចជាការឆ្លើយតបរបស់ សហភាពអឺរ៉ុបទៅនឹងផែនការផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន (China’s Belt and Road Initiative)។

គម្រោងវារីអគ្គិសនី Rogun ដែលបានដាក់ស្នើសុំសាងសង់តាំងពីឆ្នាំ ១៩៧៦ ត្រូវបានផ្អាកការសាងសង់ដោយសារជួបបញ្ហាជាហូរហែរ ទាំងផ្នែកសេដ្ឋកិច្ច បច្ចេកទេស និងនយោបាយ ក៏ប៉ុន្តែនៅក្នុងឆ្នាំ២០១៦ គម្រោងវារីអគ្គិសនីមួយនេះ ត្រូវបានចាប់ផ្តើមសាងសង់ឡើងវិញដោយក្រុមហ៊ុនសំណង់អ៊ីតាលី Webuild និងបានឈានដល់ការដាក់ឲ្យដំណើរការម៉ាស៊ីនទី១ ដែលមានអនុភាព ៦០០មេហ្កាវ៉ាត់ កាលពីឆ្នាំ ២០១៨ និងគ្រោងបញ្ចប់ការសាងសង់ទាំងមូលនៅឆ្នាំ២០២៨។

គម្រោងវារីអគ្គិសនី Rogun នេះមានតម្លៃសរុបប្រមាណជា ៨ពាន់លានដុល្លារ ដែលក្នុងនោះ ៣ ពាន់លានដុល្លារត្រូវបានចំណាយរួចមកហើយ ដោយបានពីសន្តិសុខបំណុលរបស់រដ្ឋាភិបាលតាជីក (Tajik government’s bonds) និងប្រាក់កម្ចីឯកជន។ ប៉ុន្តែបច្ចុប្បន្ននេះ រដ្ឋាភិបាលនៅទីក្រុង Dushanbe នៃប្រទេសតាជីគីស្ថាន បានកំពុងស្នើសុំការគាំទ្រលើផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់សហភាពអឺរ៉ុប ដើម្បីអាចឲ្យគម្រោងនេះបញ្ចប់ទៅបាន។

អ្នកនាំពាក្យរបស់ធនាគារ European Investment Bank (EIB) បានបញ្ចាក់ទៀតថា សហភាពអឺរ៉ុបបានស្នើសុំ ធនាគារ EIB ឲ្យក្លាយទៅជាអ្នកវិនិយោគទន់ធំជាងគេនៅក្នុងគម្រោងនេះ ប៉ុន្តែធនាគារ EIB បានកំពុងតែធ្វើការពិចារណាលើការវិនិយោគរួមគ្នាជាមួយគណៈកម្មការអឺរ៉ុប (European Commission) ដែលជាអ្នកគ្រប់គ្រងលើគម្រោងពាន់លានអឺរ៉ូរបស់សហភាពអឺរ៉ុប ។

គម្រោងវារីអគ្គិសនី Rogun នេះ និងជួយឲ្យប្រទេសតាជីគីស្ថានបញ្ចប់ការខ្វះខាតថាមពលរ៉ាំរ៉ៃ ជាពិសេសមានឯករាជភាពក្នុងវិស័យថាមពលពោល គឺមិនពឹងផ្អែកពីការទិញថាមពលពីប្រទេសរុស្ស៊ី និងធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួន កាន់តែប្រសើរឡើង ដោយការលក់ថាមពលអគ្គិសនីដល់ប្រទេសជិតខាង (អ៊ូបេគីស្ថាន និង កាហ្សាក់ស្ថាន)៕