(តូក្យូ)៖ ប្រជាជនជប៉ុននៅទូទាំងប្រទេស បានចូលរួមកាន់ទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ដែលត្រូវបានគេធ្វើឃាតដោយ ការបាញ់ប្រហារ នៅឯយុទ្ធនាការឃោសនាបោះឆ្នោតមួយ ក្នុងទីក្រុង Nara កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២២។

លោក អាបេ ត្រូវបានឃាតកឈ្មោះ យ៉ាម៉ាហ្កាមិ តេស៊ុយ៉ា (Yamagami Tetsuya) មានអាយុ ៤១ឆ្នាំ និងជាអតីតសមាជិកកងកម្លាំងស្វ័យការពារជប៉ុនបាញ់សម្លាប់ កំលុងកំពុងថ្លែងសុន្ទរកថានៅឯយុទ្ធនាការឃាសនារកសំឡេងឆ្នោតមួយ ក្នុងទីក្រុង Nara កាលពីថ្ងៃសុក្រសប្ដាហ៍នេះ នៅមុនការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុនប្រព្រឹត្ត ទៅនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ បើតាមប៉ូលិសជប៉ុន ជនសង្ស័យជាខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ បានសារភាព ថាខ្លួនពិតជាមួយបំណងសម្លាប់លោក អាបេ ដោយបាន «ចងកំហឹង» នឹងអង្គការមួយដែលរូបគេជឿថាលោក អាបេ មានជាប់ពាក់ព័ន្ធនឹងអង្គការមួយនេះ។

ប៉ូលិសមិនបានបញ្ជាក់លម្អិតពីឈ្មោះអង្គការនេះនោះទេ គ្រាន់តែបញ្ជាក់ថាការចងកំហឹងរបស់ ជនសង្ស័យជាឃាតក មិនមានជាប់ពាក់ព័ន្ធនឹងនយោបាយឡើយ។ ការធ្វើឃាតលោក អាបេ បានបង្កឱ្យការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុន ជាទីដែលអំពើហិង្សាដោយកាំភ្លើងគឺជារឿងមហាកម្រ ខណៈមេដឹកនាំពិភពលោក បានថ្កោលទោស និងចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក អាបេ។

ខាងក្រោមនេះគឺជាកម្រងរូបភាពនៃការចូលរួមកាន់ទុក្ខរបស់ប្រជាជនជប៉ុន ចំពោះលោក អាបេ៖