(តូក្យូ)៖ ជនសង្ស័យជាខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានសារភាពប្រាប់ប៉ូលិសថា ខ្លួនបាន «ចងកំហឹង» នឹងអង្គការមួយដែលរូបគេជឿថាលោក អាបេ មានជាប់ពាក់ព័ន្ធនឹងអង្គការមួយនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Nikkei នៅថ្ងៃសៅរ៍ ទី៩ ខែកក្ដកា ឆ្នាំ២០២២។

បើតាមប៉ូលិសជប៉ុន ឃាតកជាជនសង្ស័យខាងលើដែលត្រូវបានគេបញ្ជាក់អត្តសញ្ញាណថាមានឈ្មោះ យ៉ាម៉ាហ្កាមិ តេស៊ុយ៉ា (Yamagami Tetsuya) មានអាយុ ៤១ឆ្នាំ និងជាអតីតសមាជិកកងកម្លាំងស្វ័យការពារជប៉ុន បានសារភាពថារូបគេពិតជាមានគោលបំណងសម្លាប់លោក អាបេ ដោយសារតែគិតថាអតីតនាយកដ្ឋមន្ត្រីរូបនេះមាន ជាប់ពាក់ព័ន្ធនឹងអង្គការដែលខ្លួនស្អប់ និងបានចងកំហឹង។ ប៉ុន្តែ ប៉ូលិសមិនបានបញ្ជាក់លម្អិតពីឈ្មោះអង្គការនេះនោះទេ គ្រាន់តែបញ្ជាក់ថាការចងកំហឹងរបស់ ជនសង្ស័យជាឃាតក មិនមានជាប់ពាក់ព័ន្ធនឹងនយោបាយឡើយ។

គួរបញ្ជាក់ថា លោក អាបេ សិនហ្សូ ដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុនកាន់តំណែងបានយូរជាងគេ ត្រូវបានធ្វើឃាតដោយជនឈ្មោះ យ៉ាម៉ាហ្កាមិ តេស៊ុយ៉ា ដោយការ បាញ់ប្រហារជាមួយកាំភ្លើងកែច្នៃ កំលុងរូបលោកកំពុងថ្លែងសុន្ទរកថានៅឯយុទ្ធនាការឃាសនា រកសំឡេងឆ្នោតមួយក្នុងទីក្រុង Nara កាលពីថ្ងៃសុក្រសប្ដាហ៍នេះ៕