(ឡុងដ៍)៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងឡុងដ៍ បាននិយាយថា ប្រទេសរុស្ស៊ីនឹងកម្ចាត់កងកម្លាំងអ៊ុយក្រែន នៅក្នុងតំបន់ Donbas ភាគខាងកើតទាំងមូល ហើយទំនងជាមិនដកខ្លួនចេញពីទឹកដីដ៏ធំល្វឹងល្វើយ ឆ្លងកាត់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអ៊ុយក្រែននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២។

ចាប់តាំងពីការឈ្លានពានថ្ងៃទី២៤ ខែកុម្ភៈមក កងកម្លាំងរុស្ស៊ីបានដណ្តើមកាន់កាប់ទឹកដីដ៏ធំមួយនៅទូទាំងតំបន់ភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន ពីលើតំបន់គ្រីមេ ដែលរុស្ស៊ីបានបញ្ចូលក្នុងឆ្នាំ២០១៤ ហើយកំពុងរុញច្រានកងកម្លាំងអ៊ុយក្រែនបន្តិចម្តងៗចេញពីតំបន់ឧទ្ទាមដែលគាំទ្រដោយរុស្ស៊ីចំនួនពីរនៅភាគខាងកើតអ៊ុយក្រែន ដែលបានទទួលស្គាល់ថាជារដ្ឋឯករាជ្យ។

នៅពេលត្រូវបានសួរថា តើជម្លោះនឹងបញ្ចប់ដោយរបៀបណា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងឡុងដ៍ លោក Andrei Kelin បាននិយាយថា កងកម្លាំងអ៊ុយក្រែននឹងត្រូវបានរុញច្រានចេញពីតំបន់ Donbass ហើយថាវាពិបាកនឹងឃើញកងកម្លាំងដែលគាំទ្រដោយរុស្ស៊ី និងរុស្ស៊ីផ្ទាល់ ដកខ្លួនចេញពីភាគខាងត្បូងអ៊ុយក្រែននោះណាស់។

លោក Kelin និយាយយ៉ាងដូច្នេះថា «យើងនឹងរំដោះតំបន់ Donbas ទាំងអស់…ពិតណាស់ វាពិបាកក្នុងការទស្សន៍ទាយការដកកងកម្លាំងរបស់យើងចេញពីភាគខាងត្បូងនៃអ៊ុយក្រែន ពីព្រោះយើងធ្លាប់មានបទពិសោធន៍រួចហើយថា បន្ទាប់ពីការដកទ័ព ការបង្កហេតុចាប់ផ្តើម ហើយមនុស្សទាំងអស់ត្រូវបានបាញ់សម្លាប់»