(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអុ (Kishida Fumio) នៅថ្ងៃសុក្រនេះបានដាក់បញ្ជាឱ្យរឹតបន្តឹងសន្តិសុខការពារថ្នាក់ដឹកនាំ និងអ្នកនយោបាយជប៉ុន បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក អាបេ សិនហ្សូ បានទទួលមរណភាព ក្រោយរងការបាញ់ប្រហារនៅក្នុងទីក្រុង Nara។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។

ការចេញបញ្ជារបស់លោក គីស៊ីដា ធ្វើឡើងបន្ទាប់ពីលោកបានពិភាក្សាពីការធ្វើឃាតលោក អាបេ ជាមួយប្រធានគណៈកម្មការជាតិសុវត្ថិភាពសាធារណៈ លោក Ninoyu Satoshi, រដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន លោក Furukawa Yoshihisa និងស្ថាប័នពាក់ព័ន្ធអស់រយៈពេល ២០នាទី។ លោក គីស៊ីដា បានបញ្ជាឱ្យក្រុមមន្ត្រីជប៉ុនរឹតបន្តឹងសន្តិសុខ ការពារថ្នាក់ដឹកនាំ និងអ្នកនយោបាយជប៉ុន ខណៈការបោះឆ្នោតសភាជាន់ខ្ពសជប៉ុននឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ បានទទួលមរណភាពហើយនៅថ្ងៃសុក្រនេះ បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែង សុរន្ទកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន៕