(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកទន្ទឹងរង់ចាំធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ជាមួយរដ្ឋាភិបាលអង់គ្លេស ដោយមិននិយាយអំពី លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន (Boris Johnson) ដែលបានលាលែងពីតំណែង ចំពោះមុខរឿងអាស្រូវនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីលោក ចនសុន ប្រកាសលាលែងពីតំណែង លោក បៃដិន បានគូសបញ្ជាក់ថា «សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុត ហើយជាពិសេសនោះ គឺទំនាក់ទំនងរវាងប្រជាជនរបស់យើង នៅតែរឹងមាំ និងយូរអង្វែង»។ លោក បៃដិន បានបន្ថែមថា «ខ្ញុំទន្ទឹងរង់ចាំបន្តកិច្ចសហប្រតិបត្តិការរបស់យើង ជាមួយរដ្ឋាភិបាលអង់គ្លេស ក៏ដូចជាសម្ព័ន្ធមិត្ត និងដៃគូ ដ៏ទៃទៀតនៅជុំវិញពិភពលោកលើ ទិសដៅអាទិភាពសំខាន់ៗជាច្រើន»

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់លោកបៃដិន ខាងលើនេះមិនបានរំលេចឡើង ជុំវិញការលាលែងពីតំណែង របស់លោក បូរីស ចនសុន ឡើយ។ បើតាមអ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ ព្យ៊ែរ (Karine Jean-Pierre), លោក បៃដិន និង លោក ចនសុន បានជួបគ្នាកំលុងដំណើរទស្សនកិច្ចនៅអឺរ៉ុប ដោយមេដឹកនាំទាំងពីរបានសម្តែងការស្វាគមន៍គ្នាយ៉ាងរាក់ទាក់៕