(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សកម្មភាពរបស់រុស្ស៉ីនៅអ៊ុយក្រែនគឺទើបតែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយលោកក៏បានពន្យុះលោកខាងលិចឲ្យសាកល្បង យកឈ្នះលើរុស្ស៉ី នៅលើសមរភូមិផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។

ក្នុងការថ្លែងសុន្ទរកថាបែបធ្ងន់ៗ ចំពោះមុខថ្នាក់ដឹកនាំនៃសភារុស្ស៉ី ក្រោយសង្រ្គាមជាង៤ខែមកនេះ លោក ពូទីន បាននិយាយថា ទស្សនវិស័យសម្រាប់កិច្ចចរចាសន្តិភាពនឹងកាន់តែលំបាក នៅពេលដែលជម្លោះអូសបន្លាយកាន់តែយូរ។ លោក ពូទីន បានគូសបញ្ជាក់ថា «ថ្ងៃនេះយើងលឺថាពួកគេចង់កម្ចាត់ពួកយើងនៅលើសមរភូមិ, តើយើងអាចនិយាយអ្វីបាន ក្រៅពីអនុញ្ញាតឲ្យពួកគេសាកធ្វើយ៉ាងដូច្នោះ។ ជាច្រើនដងហើយយើងលឺថា លោកខាងលិចចង់ជួយអ៊ុយក្រែន ឲ្យតស៊ូប្រយុទ្ធរហូតដល់ដំណាក់កាលចុងក្រោយ។ នេះគឺជាសោនាដកម្មសម្រាប់ប្រជាជនអ៊ុយក្រែន ប៉ុន្តែវាហាក់បីដូចជាគ្រប់គ្នាបានត្រៀមរួចរាល់ដើម្បីបន្តជម្លោះ»

លោក ពូទីនបានបន្ថែមថា «គ្រប់គ្នាគួរតែដឹងពីហានិភ័យដែលកំពុងរីកធំឡើង, នេះយើងមិនទាន់បានធ្វើអ្វីច្រើនផង។ យើងមិនបដិសេធការចរចាសន្តិភាពទេ ប៉ុន្តែអ្នកគួរតែដឹងថា ពេលវេលាកាន់តែទៅមុខ នោះនឹងកាន់តែពិបាកសម្រាប់ពួកគេ ក្នុងត្រឡប់មកការចរចាជាមួយយើងវិញ»

គួរបញ្ជាក់ថា រុស្ស៉ីបានចោទប្រកាន់លោកខាងលិចថា បានសង្រ្គាមត្រជាក់ប្រឆាំងនឹងខ្លួន តាមរយៈការរារាំងសេដ្ឋកិច្ចដោយទណ្ឌកម្ម និងការបង្កើនសព្វាវុធទំនើបៗដល់អ៊ុយក្រែន។ ទស្សនវិស័យនៃការសម្រុះសម្រួលគ្នាហាក់ទៅមុខកាន់តែឆ្ងាយ ខណៈអ៊ុយក្រែន ដែលទទួលបានការគាំទ្រពីលោកខាងលិច ហើយក៏បានបង្កការខាតបង់មួយចំនួនទៅលើរុស្ស៉ីវិញផងដែរនោះ បានប្តេជ្ញាថា នឹងវាយបណ្តេញរុស្ស៊ីចេញពីទឹកដីទាំងអស់ ដែលរុស្ស៉ីបានកាន់កាប់៕