(បរទេស)៖ ដំណឹងនៃការបាញ់ប្រហារលើ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ សិនហ្សូ នៅថ្ងៃសុក្រនេះ បាននិងកំពុងធ្វើឱ្យ អន្តរជាតិមានការភ្ញាក់ផ្អើលជាខ្លាំង នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។

ប្រធានាធិបតី, នាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តី, ឯកអគ្គរដ្ឋទូត ព្រមទាំងអតីតមេដឹកនាំ មកពីជុំវិញពិភពលោក រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្រ្តាលី នូវែលសេឡង់ សហភាពអឺរ៉ុប រុស្ស៉ី ចិន ហ្វាំងឡង់ អេស៉្បាញ ប៉ូឡូញ អ៊ុយក្រែន ឥណ្ឌូណេស៉ី ឥណ្ឌា ប៉ាគីស្ថាន កូរ៉េខាងត្បូង ហ្វីលីពីន ម៉ាឡេស៉ី សិង្ហបុរី តៃវ៉ាន់ និងថៃ ជាដើម បាននាំគ្នាបង្ហាញ ការភ្ញាក់ផ្អើលនិងតក់ស្លុតជាខ្លាំង ចំពោះសកម្មភាពប៉ុនប៉ងធ្វើឃាតលោក អាបេ ហើយក៏បានថ្កោលទោសផងដែរ។

គួរបញ្ជាក់ថា លោក អាបេ បានទទួលរងការបាញ់ប្រហារចំនួន២គ្រាប់ កំលុងពេលថ្លែងសុន្ទរកថា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយ នៃបេក្ខជនមកពីគណបក្សសេរីប្រជាធិបតេយ្យ ខណៈការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុន នឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕