(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ នៅថ្ងៃសុក្រនេះ ត្រូវបានខ្មាន់កាំភ្លើងម្នាក់បាញ់ឱ្យរបួសធ្ងន់ នៅក្នុងទីក្រុង Nara ស្ថិតនៅភាគខាងលិចនៃ ប្រទេស ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន លោក អាបេ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភា្លមៗ ក្រោមស្ថានភាពបេះដូងលែងដើរទៅហើយ។

ការបាញ់ប្រហារលើលោក អាបេ កើតឡើងតែ ២ថ្ងៃប៉ុណ្ណោះ មុននឹងជប៉ុនរៀបចំការបោះឆ្នោតសភាជាន់ខ្ពស់នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ រដ្ឋាភិបាលជប៉ុន បានទទួល ស្គាល់ថាលោក អាបេ ពិតជាត្រូវបានគេបាញ់ប្រហារឱ្យរបួសធ្ងន់នៅក្នុងទីក្រុង Nara។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នាយខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊ីរ៉ូកាហ្សុ ម៉ាត់ស៊ូណុ (Hirokazu Matsuno) បានបញ្ជាក់ថា «អតីតនាយករដ្ឋមន្ត្រីលោក អាបេ បានរងការបាញ់ប្រហារនៅម៉ោងប្រមាណ ១១៖៣០នាទីព្រឹក (ម៉ោងក្នុងតំបន់)។ ចំណែកឯបុរសម្នាក់ជាជនសង្ស័យត្រូវបានចាប់ខ្លួន»

លោក ម៉ាត់ស៊ូណុ បានបន្ថែមទៀតថា មកទល់នឹងពេលនេះ ស្ថានភាពរបស់លោក អាបេ ស្ថិតក្នុងភាពមិនច្បាស់លាស់ និងថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់ប្រហារ នេះដោយថាជារឿងមិនអាចអត់ឱនឱ្យបាន។

*តើខ្មាន់កាំភ្លើងជានរណា?

បើតាមសារព័ត៌មាន NHK លោក អាបេ មានអាយុ ៦៧ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ពីក្រោយ ជាមួយកាំភ្លើងមួយដើមដែលគេជឿជាក់ថាខ្មាន់កាំភ្លើងខ្លួនឯងជាអ្នកកៃច្នៃ។ ការបាញ់ប្រហារកើតឡើងនៅចំពេល លោក អាបេ កំពុងថ្លែងសុន្ទរកថាមួយ នៅចំពោះមុខហ្វូងមនុស្សជាច្រើន នៅលើដងផ្លូវក្នុងទីក្រុង Nara នៅក្នុងយុទ្ធនាការឃោសនា រកសំឡេងឱ្យបេក្ខជនមកពីគណបក្សសេរីប្រជាធិបតេយ្យ នៅមុនការបោះឆ្នោតសភាជាន់ខ្ពស់នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

វីដេអូដែលត្រូវបានគេបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម បានបង្ហាញថាលោក អាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់ពីក្រោយខ្នង ដោយគេឮស្នូរគ្រាប់កាំភ្លើងចំនួន ២គ្រាប់ មួយគ្រាប់ត្រូវចំខ្នងលោក អាបេ រីឯគ្រាប់ទី២ ត្រូវបានគេបញ្ជាក់ថាចំកផ្នែកខាងស្ដាំ។ ប៉ូលិសជប៉ុនបានចាប់ខ្លួនបុរសម្នាក់មានអាយុ ៤១ឆ្នាំ និងមានឈ្មោះថា យ៉ាម៉ាហ្កាមិ តេស៊ុយ៉ា (Yamagami Tetsuya) ហើយបានរឹបអូសកាំភ្លើងមួយដើម នៅកន្លែងកើតហេតុ។

សារព័ត៌មាន NHK ដោយផ្អែកលើប្រភពដែលខ្លួនទទួល បានឱ្យដឹងជាបឋមថាជនសង្ស័យជាខ្មាន់កាំភ្លើងរូបនេះជាអ្នករស់នៅក្នុងទីក្រុង Nara និងធ្លាប់បម្រើការឱ្យ កងកម្លាំងជើងទឹកស្វ័យការពារជប៉ុន រយៈពេល៣ឆ្នាំ រហូតដល់ឆ្នាំ២០០៥។ ជនសង្ស័យរូបនេះបានប្រាប់ប៉ូលិសថារូបគាត់មិនពេញចិត្តចំពោះលោក អាបេ និងមានបំណង សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ។ ដោយឡែក ថ្លែងប្រាប់ទស្សវនាដ្ដី Times លោក តូប៊ីយ៉ាស់ ហារីស (Tobias Harris) ជាអ្នកជំនាញតាមដានស្ថានការណ៍ជប៉ុន ម្នាក់ និងដែលជាអ្នកសរសេរពីប្រវតិ្តរូបរបស់លោក អាបេ បានលើកឡើងថា បើមើលតាមកាមេរ៉ា ចម្ងាយរវាងលោក អាបេ និងអ្នកចូលរួមនៅកៀកគ្នាពេក។

លោក Harris បានបញ្ជាក់ដូច្នេះថា «គាត់ (លោក អាបេ) គឺជាអតីតនាយករដ្ឋមន្ត្រជប៉ុនម្នាក់ ដូច្នេះគាត់គួរតែទទួលបានការការពារសន្តិសុខយ៉ាងតឹងរឹងជាងនេះ ប៉ុន្តែ វាបែរជាមានចន្លោះប្រហោងសន្តិសុខបែបនេះទៅវិញ បើធៀបទៅនឹងការការពារសន្តិសុខនៃមន្ត្រីជាន់ខ្ពស់ ឬប្រធានាធិបតីអាមេរិក»

*ហេតុអ្វីលោក អាបេ សំខាន់ចំពោះនយោបាយជប៉ុន?

ទោះជាបានលាលែងចេញពីតំណែងក៏ពិតមែន តែលោក អាបេ នៅតែបន្តមានឥទ្ធិពលយ៉ាងខ្លាំងលើនយោបាយជប៉ុន ដោយសារតែភាពជោគជ័យនៃនយោបាយសេដ្ឋកិច្ច «Abenomics» របស់លោក។ លោកជាមនុស្សម្នាក់ដែលដឹកនាំយុទ្ធនាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិនិយមរបស់ជប៉ុន ដែលបានអនុញ្ញាតឱ្យជប៉ុនអាចធ្វើសកម្មភាព យោធាជួយដល់សម្ព័ន្ធមិត្ត ជាផ្នែកមួយនៃការពង្រឹងវិស័យការពារជាតិជប៉ុន។ បន្ថែមពីលើនេះ នៅក្នុងអាណត្តិដំបូង លោក អាបេ បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការ ស្ដារឡើងវិញសម្ព័ន្ធភាពសន្តិសុខចតុភាគី ឬហៅកាត់ថា ក្វាដ (Quad) ជាមួយឥណ្ឌា អូស្ត្រាលី និងសហរដ្ឋអាមេរិក ក្នុងគោលបំណងខ្ទប់ការកើនឡើងឥទ្ធិពលចិន។

លោក អាបេ បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០។

*ជប៉ុន ជាប្រទេសមានច្បាប់គ្រប់គ្រងកាំភ្លើងតឹងរឹង និងមានបទល្មើសតិចតួច

ជប៉ុន ត្រូវបានគេចាត់ទុកថាជាប្រទេសមានសុវត្ថិភាពបំផុតមួយនៅលើពិភពលោក និងមានច្បាប់គ្រប់គ្រងកាំភ្លើងតឹងរឹង ដោយធ្វើឱ្យប្រទេសមួយនេះមានអត្រាអ្នកស្លាប់ ដោយសារកាំភ្លើងមានកម្រិតទាប់បំផុត។ មានកាំភ្លើងមួយចំនួនត្រូវបានអនុញ្ញាតឱ្យប្រើក្នុងប្រទេសជប៉ុន ក្នុងនោះរួមមានប្រភេទកាំភ្លើង shotguns និងកាំភ្លើងខ្យល់ ទុកសម្រាប់ការប្រមាញ់សត្វ។ ក៏៏ប៉ុន្តែ មុននឹងទទួលបានការអនុញ្ញាត អ្នកទិញកាំភ្លើងទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យគ្រឿងញៀន ប្រវិត្តរូប និងសុខភាពផ្លូវចិត្ត។

កាលពីឆ្នាំ២០១៧ នៅក្នុងប្រទេសជប៉ុនដែលមានប្រជាជន១២៦លាននាក់ មានសេចក្ដីរាយការណ៍ពីហិង្សាកំាភ្លើងត្រឹមតែ ២២ករណីប៉ុណ្ណោះ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ លោក អាបេ កំពុងទទួលការសង្រ្គោះបន្ទាន់នៅឡើយ ក្រោមស្ថានភាពមិនច្បាស់លាស់ ខណៈមានសេចក្ដីរាយការណ៍ថាបេះដូងរបស់ លោកបានឈប់ដើរ ក្រោយរងការបាញ់ប្រហារ៕

ប្រភព៖ Times (ថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២)