(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៉ីដា ហ៊្វូមីអុ (Kishida Fumio) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អតីតនាយករដ្ឋមន្រ្តី លោក អាបេ សិនហ្សូ (Abe Shinzo) កំពុងបន្តស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយពីរូបលោក បានរងការបាញ់ប្រហារ នៅទីក្រុង ណារ៉ា (Nara) កំលុងពេលឃោសនាបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន NHK នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។

នាឱកាសនោះ លោកនាយករដ្ឋមន្រ្តីជប៉ុន ក៏បានថ្កោលទោសការបាញ់ប្រហារលោក អាបេ ផងដែរ។ លោក គីស៉ីដា បាននិយាយ ដូច្នេះថា «វាគឺជាសកម្មភាពដ៏ព្រៃផ្សៃ ដែលបានកើតឡើងកំលុងយុទ្ធនាការបោះឆ្នោត ដែលជាមូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យ។ វាជាទង្វើដែលមិនអាចទទួលយកបានដាច់ខាត ហើយខ្ញុំថ្កោលទោសសកម្មភាពនេះ ខ្លាំងបំផុត»

គួរបញ្ជាក់ថា បន្ទាប់ពីលោក អាបេ រងការបាញ់ប្រហារ លោក គីស៉ីដា បានផ្អាកយុទ្ធនាការឃោសនារបស់លោក នៅឯទីក្រុង សាហ្គេ (Sagae) ក្នុងខេត្ត យ៉ាម៉ាហ្កាតា (Yamagata) ហើយត្រឡប់មក កាន់ការិយាល័យរបស់លោក នៅទីក្រុងតូក្យូវិញ តាមឧទ្ធម្ភាគចក្រ។ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ប្រទេសជប៉ុនត្រូវរៀបចំ ការបោះឆ្នោតសភាជាន់ខ្ពស់របស់ខ្លួន៕