(តូក្យូ)៖ ប៉ូលិសជប៉ុន នៅថ្ងៃសុក្រនេះបានបញ្ជាក់អត្តសញ្ញាណជនសង្ស័យជាខ្មាន់កាំភ្លើង ដែលបានបាញ់ប្រហារលើអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូហើយ ខណៈលោក អាបេ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។

សារព័ត៌មាន NHK ប៉ូលិសជប៉ុនបានចាប់ខ្លួនបុរសម្នាក់មានអាយុ ៤១ឆ្នាំ និងមានឈ្មោះថា យ៉ាម៉ាហ្កាមិ តេស៊ុយ៉ា (Yamagami Tetsuya) ហើយបានរឹបអូសកាំភ្លើងមួយដើម នៅកន្លែងកើតហេតុ។ តែមិនទាន់មានការបញ្ជាក់នៅពីក្រោយ ការបាញ់ប្រហារលើលោក អាបេ នៅឡើយទេ។

បើតាមសារព័ត៌មានជប៉ុនដដែលនេះ លោក អាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារចំនួន២គ្រាប់ ក្នុងនោះមានមួយគ្រាប់ត្រូវចំខ្នងពីក្រោយ និងត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ Nara Medical University Hospital ក្នុងស្ថានភាពធ្ងន់ធ្ងរ។ លោក អាបេ រងការបាញ់ប្រហារ កំលុងថ្លែងសុន្ទរកថាសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយ នៃបេក្ខជនមកពីគណបក្សសេរីប្រជាធិបតេយ្យ ខណៈការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕

ចុចទស្សនាវិដេអូ និងរូបភាពនៅទីនេះ៖ https://t.me/freshnewsasia/98412