(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចាស់ស៉ីនដា អាដឺន (Jacinda Ardern) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបរាជ័យក្នុងចំណាត់ការឆ្លើយតបរបស់ខ្លួន ចំពោះការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២។

ថ្លែងសុន្ទរកថាទៅកាន់វិទ្យាសា្ថនច្បាប់មួយកន្លែង នៅឯទីក្រុងស៉ីដនី ប្រទេសអូស្រ្តាលី លោកស្រី អាដឺន បានលើកឡើងថា ភាពបរាជ័យរបស់ UN ជុំវិញបញ្ហាសង្រ្គាមអ៊ុយក្រែន គឺដោយសារតែអំណាចវេតូរបស់រុស្ស៉ី នៅក្នុងក្រុមប្រឹក្សាមួយនេះ។ លោកស្រី បានបន្តថា រុស្ស៉ីបានយកឋានៈរបស់ខ្លួនក្នុង UN មកប្រើប្រាស់មិនបានត្រឹមត្រូវ ហើយនូវែលសេឡង់នឹងដាក់ការស្នើសុំ ឲ្យមានការធ្វើកំណែទម្រង់ ដើម្បីធានាថាតម្លៃនិងបេសកកម្មរបស់ UN មិនថយចុះ និងជាការធ្វើកំណែទម្រង់ ដើម្បីកុំឲ្យមានពឹងផ្អែកលើ សិទ្ធិនៃប្រទេសនីមួយៗ ក្នុងអនុវត្តទណ្ឌកម្មស្វ័យភាព។

លោកស្រីនាយករដ្ឋមន្រ្តីនូវែលសេឡង់ បានបន្ថែមទៀតថា រុស្ស៉ីត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ហើយលោកស្រី ក៏បានអំពាវនាវឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិទីក្រុងឡាអេ បើកការស៉ើបអង្កេតនិងកាត់ទោសឧក្រិដ្ឋជនសង្រ្គាមផងដែរ។

គួរបញ្ជាក់ថា ជាយូមកហើយ នូវែលសេឡង់ជាប្រទេសដែលជំទាស់ ទៅនឹងអំណាចវេតូនៅ UN ដែលកាន់កាប់ដោយ សមាជិកអចិន្ត្រៃយ៍ទាំង៥ គឹអង់គ្លេស, ចិន, បារំាង, រុស្ស៉ី និងសហរដ្ឋអាមេរិក។ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន នូវែលសេឡង់ប្រកាសថានឹងធ្វើអន្តរាគមន៍ ក្នុងនាមជាភាគីទី៣ ដើម្បីប្រឆាំងនឹងរុស្ស៉ីនៅឯតុលាការអន្តរជាតិ៕